ភ្នំពេញ ៖ កីឡាករអុកចត្រង្គ សុខ លឹមហេង បានគ្រងតំណែងជើងឯក ព្រឹតិ្តការណ៍ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បន្ទាប់ពីកីឡាកររូបនេះ យកឈ្នះអតីតស្តេចអុកចត្រង្គ ឈាវ បូរ៉ា នៅជុំផ្តាច់ព្រ័ត្រ ដែលរៀបចំដោយសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដោយមានការគាំទ្រ ថវិកាដោយក្រសួងអប់រំយុវជន និង កីឡា ។
ក្នុងឳកាសពិធីបិទការ ប្រកួតកីឡាអុកចត្រង្គជ្រើសរើស ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០នាល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញ ចូលរួម និងប្រគល់ជយលាភីដល់កីឡាករ ពីសំណាក់លោកទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាងឲ្យលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា និងលោក ឃាង ពីវ អនុប្រធានសហព័ន្ធកីឡាអុកចត្រង្គ ។
ចំណែកចំណាត់ថ្នាក់លេខ៣ បានទៅលើកកីឡាករ យ៉ាន សុខលាង ចំពោះកីឡាករ៣នាក់ ទទួលនាមជាកីឡាករកិត្តិយសគឺកីឡា ទេស សារ៉ាវី កីឡាករ នូ ច័ន្ទផានិត និងកីឡាករ ម៉េង សេរីសម្បតិ្ត ។ ចំពោះការប្រយុទ្ធប្រឆាំង និងការឆ្លងជំងឺCOVID-19 ដោយអនុត្តតាមការណែនាំ របស់ក្រសួងសុខាភិបាល រក្សាគម្លាតនៅឆ្ងាយពីគ្នា ១,៥ម៉ែត្រពីគ្នា ហើយមុនចូលក្នុង ទីលានប្រកួត ត្រូវវាស់កំដៅ ពាក់ម៉ាស់ និងបាញ់អាល់កុល ទើបអនុញ្ញាតឲ្យចូលរួមការប្រកួតបាន ។
ការប្រកួតមាននេះកីឡាករ ចូលរួមសរុបចំនួន ៦៤នាក់ មកពី១៧ក្លិប រួមមានក្លិបអធិរាជក្រហម ខេត្តបាត់ដំបង ក្លិបស្ដេចតាខេត្តព្រះសីហនុ ក្លិបធុរេនខេត្តកំពត ក្លិបទូកចម្បាំងអង្គរខេត្តសៀមរាប ក្លិបសៀមរាបអង្គរធំ ខេត្តបន្ទាយមានជ័យ ក្លិបសមុទ្ររាម ខេត្តប៉ៃលិន ក្លិបអស្សរិទ្ធិ ក្លិបសេះខៀវ ក្លិបទូកខ្មៅ ក្លិបបាយ័ន្តអុកខ្មែរ ក្លិបមិត្តភាព ក្លិបឥន្ទ្រីយ៍ដែក ក្លិបបាស្តា ក្លិបនាគរាជ ក្លិបអង្គរ ក្លិបបារាំងបូឌីង ដែល១០ក្លិបនេះស្ថិតនៅរាជធានីភ្នំពេញដូចគ្នា និងក្លិបស្ដេចនាគសមុទ្រកំពង់សោម សមុទ្ររាម ។
លោកទុយ ប៊ុនហឿន បានមានប្រសាសន៍ថា ការប្រកួតពិតជាមានសារសំខាន់ ក្នុងការពង្រឹងនិងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរ្តិ៍មរតកដូនតាដែលបានបន្សល់ទុកឱ្យ ដើម្បីធ្វើការអភិវឌ្ឍវិស័យកីឡាអុកចត្រង្គ នៅព្រះរាជាណាចក្រកម្ពុជាឲ្យទទួលបាន នូវលទ្ធផលល្អក្នុងការប្រកួតថ្នាក់ជាតិ ក៏ដូចជាលើឆាកអន្តរជាតិនានា៕ដោយ៖លី ភីលីព