ព័ត៌មានអន្តរជាតិ

សត្វស្វាជិតផុតពូជ Tapanuli orangutan កំពុងតស៊ូដើម្បីរស់ បន្ទាប់ពីអ្នកបរបាញ់ និងការកាប់បំផ្លាញព្រៃឈើដេញចេញពីភ្នំ

ឥណ្ឌូនេស៊ី៖ ការសិក្សាបានរកឃើញថា សត្វស្វាពូជធំៗ កំពុងទទួលការគំរាមកំហែងជាងគេបំផុត នៅលើពិភពលោក គឺសត្វស្វា Tapanuli orangutan ស្ថិតនៅក្នុងគ្រោះថ្នាក់កាន់តែខ្លាំងឡើង នៃការផុតពូជជាងការគិតពីពេលមុន ដោយសារតែការកាប់បំផ្លាញព្រៃឈើ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ប្រភេទសត្វដែលកម្រនឹងកើតមាននេះ ត្រូវបានគេកំណត់ត្រឹមតែឆ្នាំ២០១៧ប៉ុណ្ណោះ ដោយមានចំនួនសត្វស្វាប្រមាណ ៨០០ក្បាល រស់នៅក្នុងព្រៃ នៃកោះស៊ូម៉ាត្រាខាងជើង នៃប្រទេសឥណ្ឌូនេស៊ី។ ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទីលំនៅបច្ចុប្បន្នរបស់ពួកគេ ត្រូវបានកំណត់សម្រាប់តែទឹកដីភ្នំ គឺមិនសមស្របសម្រាប់សត្វស្វា រស់នៅជាក្រុមដែលដាច់ទំនាក់ទំនងគ្នាឡើយ។

សត្វស្វា Tapanuli orangutan ឈ្មោះវិទ្យាសាស្ត្រ Pongo tapanuliensis បច្ចុប្បន្នកាន់កាប់លើផ្ទៃដី ប្រហែល ១០០០ គីឡូម៉ែត្រក្រឡានៃព្រៃតំបន់ខ្ពង់រាប។ យោងតាមអ្នកស្រាវជ្រាវ បានឲ្យដឹងថា មានតែ២,៥ភាគរយនៃផ្ទៃដី ៤០,៧៩៦ គីឡូម៉ែត្រក្រឡា ដែលត្រូវបានកាន់កាប់កាលពី១៣០ឆ្នាំមុន។

សាស្រ្តាចារ្យ Erik Meijaard នៃវិទ្យាស្ថានអភិរក្ស និងបរិស្ថានវិទ្យា Durrell នៃសាកលវិទ្យាល័យ Kent បាននិយាយថា សត្វទាំងនេះត្រូវបានសម្របខ្លួន ដើម្បីរស់នៅក្នុងតំបន់ខ្ពស់ ខណៈពួកវាបច្ចុប្បន្ន រស់នៅសព្វថ្ងៃចម្ងាយ១៣៤៣,៤ គីឡូម៉ែត្រពីលើនីវ៉ូសមុទ្រ។
ទោះយ៉ាងណាការសិក្សារបស់យើង បង្ហាញថា សត្វស្វា Tapanuli ធ្លាប់រស់នៅជាសំខាន់ ក្នុងតំបន់ព្រៃទំនាប ហើយការរួមផ្សំនៃការបរបាញ់ និងការបំផ្លាញព្រៃគ្មាននិរន្តរភាព បានជំរុញឲ្យប្រភេទសត្វនេះផុតពូជ នៅក្នុងតំបន់ទាំងនោះ៕ ដោយ៖លី ភីលីព

Most Popular

To Top