ភ្នំពេញ ៖ លោក បណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតនេះ គឺជាការផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនសីដក់កម្ពុជា បញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាព បច្ចេកទេស ដែលអត្តពលិកម្នាក់ៗ បានហ្វឹកហាត់កន្លងមក ការទទួលជ័យលាភីនាពេលនេះ ពិតជាបានមកពីការ ខិតខំហ្វឹកហាត់ជាប្រចាំ មានការ តស៊ូព្យាយាម គោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរព តាមបទបញ្ជាបច្ចេកទេស ការប្រកួតត្រៀមស្វាគមន៍ ក្រុមភ្លៀវសម្រាប់កីឡា SEA GAMES 2023 ។
លោកប្រធានសហព័ន្ធបានបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាSEA GAMES ២០២៣ ខាងមុខនេះ ហើយដើម្បីឲ្យកីឡាសីដក់ នៅព្រះរាជាណាចក្រកម្ពុជា កាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទទួលបានលទ្ធផល ល្អខាងមុខនោះ យើងត្រូវខិតខំ បណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ -កីឡាការិនីតាមក្លិប សមាគមកីឡាសីដក់ឲ្យបានទូលំទូលាយ និងត្រូវពង្រឹងសមត្ថភាព អាជ្ញាកណ្តាល ចៅក្រម ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ។
ព្រមទំាងជំរុញ ឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន ការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម ហើយត្រូវពង្រឹងរចនាសម្ព័ន្ធ គ្រប់គ្រងផ្ទៃក្នុង សហព័ន្ធ ក្លិប សមាគមទូទាំងប្រទេស និងត្រូវប្រឹងប្រែងស្វែងរកដៃគូ អភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួត ឲ្យបានច្រើនក្នុងមួយឆ្នាំ តាមដែលអាចធ្វើបាន។
ការប្រកួតយើងត្រូវតែប្រកប ដោយស្មារតីមិត្តភាព សាមគ្គីភាព ការយោគយល់គ្នា ហើយគោរពបានត្រឹមត្រូវ តាមបទបញ្ជាបច្ចេកទេស នៃការប្រកួតឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនគិតតែ ពីការយកឈ្នះចាញ់ ពោលគឺឈរលើស្មារតី កីឡាដើម្បីសុខភាព សន្តិភាព មិត្តភាព សាមគ្គីភាព បង្កើនគុណផលបច្ចេកទេស៕
ដោយ៖លី ភីលីព