កីឡា

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដាកោតសរសើរ និងវាយតម្លៃខ្ពស់សម្រាប់ការប្រកួត កីឡារាំជើងឯកថ្នាក់ជាតិឆ្នាំ២០២០

ភ្នំពេញ៖អ្នកអង្គម្ចាស់ ជេន ណា (ព្រះនាងតូច) និងលោកជំទាវ គឹម សែ ព្រះរាជលេខាផ្ទាល់សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរបានយាងជាកិត្តិយសចូលរួមពិធីបិទព្រឹត្តិការណ៍ការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នារសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ក្នុងវិមាននៃពហុកីឡដ្ឋានជាតិ។
សម្រាប់ការប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន៣០នាក់ក្នុងនោះកីឡាការិនី២០នាក់ មកពី៥ក្លិបគឺក្លិបរាំសន្ធរម៉ុក ក្លិបរាំដូនភ្នំពេញ ក្លិបរាំទួលស្វាយព្រៃ ក្លិបរាំច្បារអំពៅ និងក្លិបរាំសៀមរាប ចំពោះវិញ្ញាសារអន្តរជាតិមានចំនួន១៥វិញ្ញាសា។

លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជាតំណាងលោកខៀវ កាញារីទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្នុងឱកាសនេះខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំការប្រកួតដែលបានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពគោរពបាននូវបទបញ្ជានៃការប្រកួត និងទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ។ វិស័យកីឡាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយទទួលបាននូវការចាប់អារម្មណ៍ ចូលរួមគាំ ទ្រយ៉ាងច្រើនពីយុវជន យុវនារី ហើយលទ្ធផល នៃការប្រកួតជាលក្ខណៈអន្តរជាតិមានការប្រែប្រួលជាវិជ្ជមានទទួលបានការអបអរសាទរពីមហាជន រហូតដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល។

លោកឆៃ ច័ន្ទរិទ្ធីសូលីដាបានបន្តថា បច្ចុប្បន្នព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ សេដ្ឋកិច្ចជាតិ មានការរីកចម្រើន បានធ្វើឲ្យមានការអភិវឌ្ឍលើគ្រប់វិស័យក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចាត់ទុកថា ការងារអប់រំកាយ និងកីឡា បានដើរតួនាទីយ៉ាងសំខាន់ និងជាយានក្នុងការអភិវឌ្ឍសង្គមពីព្រោះ កីឡាកសាងមនុស្ស មនុស្សកសាងសង្គម ។

អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា និងតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកំណែ ទម្រង់ស៊ីជម្រៅលើវិស័យអប់រំកាយ និងកីឡា ដោយឈរលើមូលដ្ឋានយុទ្ធសាស្រ្តចតុកោណ ដំណាក់កាល ទី៤ ផែនការយុទ្ធសាស្រ្តនៃការអភិវឌ្ឍជាតិ និងដោយផ្អែកលើបរិបទនៃការរីកចម្រើនកីឡាជាតិ និងបរិបទ នៃការរីកចម្រើនកីឡានៅក្នុងតំបន់ក៏ដូចជាអន្តរជាតិ ជាពិសេសការត្រៀមលក្ខណៈសម្បត្តិ ត្រៀមសម្រាប់ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នាពេលខាងមុខ ។

ដើម្បីឲ្យការធ្វើកំណែទម្រង់នេះ ទទួលបានជោគជ័យ ខ្ញុំសូមសំណូមពរដល់អង្គការរដ្ឋកីឡា និង អង្គការសង្គមកីឡាឲ្យខិតខំប្រឹងប្រែងរួមគ្នាបន្ថែមទៀត ដោយយកអស់ស្មារតី កម្លាំងកាយ និងលទ្ធភាព បំពេញភារកិច្ចទៅតាមតួនាទីរៀងៗខ្លួន ដោយការទទួលខុសត្រូវខ្ពស់។ ហើយក៏សូមអំពាវនាវផងដែរ ដល់ វិស័យឯកជន ដៃគូអភិវឌ្ឍសប្បុរសជន និងប្រជាជនសូមចូលរួមឧបត្ថម្ភគាំទ្រ ជាស្មារតី សម្ភារៈ ថវិកា ដើម្បី រួមចំណែកអភិវឌ្ឍវិស័យកីឡាជាតិយើង។ ក្រោមពាក្យស្លោក រួមគ្នាធ្វើអ្វីៗទាំងអស់គ្នា ដើម្បីកីឡាឆ្ពោះទៅ ជោគជ័យនៅស៊ីហ្គេមឆ្នាំ២០២៣៕ ដោយ៖លី ភីលីព


Most Popular

To Top