ភ្នំពេញ៖ ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជើងឯក “អ្នកប្រយុទ្ធកំពូលថាមពលឆេមពាន” រដូវកាលទី១ទម្ងន់៦៧គីឡូក្រាម នៅសង្វៀនSEATV នាយប់ថ្ងៃអាទិត្យទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អ្នកប្រដាល់កម្ពុជា នី សុភី ក្លិបសាលវ័ន្តកីឡាប៉ះអ្នកប្រដាល់ថៃ Chhuok Chhai ខណៈអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ Chhieng Chhai។
លោក ញាណ សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ប្រចាំSEATV បានឲ្យដឹងថា Chhuok Chhai ធ្លាប់វាយឈ្នះអ្នកប្រដាល់ជើងខ្លាំងរបស់កម្ពុជាច្រើននាក់ និងធ្លាប់ប្រកួតស្មើជាមួយនី សុភី ប៉ុន្តែសុភី មួយរយៈចុងក្រោយនេះហាក់ដូចជាជួបសំណាងល្អច្រើនក្នុងការជួបប្រកួតជាមួយថៃ ដោយវាយឈ្នះថៃប៉ុន្មាននាក់ផ្ទួនៗគ្នា។ លើកនេះនី សុភី ត្រូវជួបជើងខ្លាំងលើសគូប្រកួតលើកមុនទៅទៀត។
ចំណែកអ្នកប្រដាល់ថៃ Chhuok Chhai មានប្រកួត ៩៧លើក ឈ្នះ ៨៣លើក ចាញ់ ១១លើក និង ស្មើ៣លើក ខណៈនៅ សុភី ប្រកួត១៧០លើក ឈ្នះ ១៣០លើក ចាញ់២៨លើក និងស្មើ១២លើក។ នី សុភី មានផ្លែល្អ ពិសេសគឺផ្លែកែង និងជង្គង់ ប៉ុន្តែអ្វីដែលគេបារម្ភគឺខ្លាចតែចាញ់កម្លាំងស៊ុហ្វ និងចាញ់កម្ពស់ Chhuok Chhai តែប៉ុណ្ណោះ ។
ចំពោះអ្នកប្រដាល់កម្ពុជាវង្ស វិឆ័យ ក្លិបចចកងពលតូចទ័ពឆ័ត្រយោង៩១១ និងអ្នកប្រដាល់ Chhieng Chhai។ Chhieng Chhai ជាអ្នកប្រដាល់ចាស់ធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើក ព្រមទាំងមានស្នៀតប្រដាល់ល្អ តែការវាយចេញចូលរាងយឺត ។
ដូច្នេះ វង្ស វិឆ័យ មិនអាចមើលស្រាលគេបានទេ តែយ៉ាងណាChhieng chhai ក៏មិនជាស្រួលខ្លួនប៉ុន្មានដែរ ព្រោះវង្ស វិឆ័យ ក៏មានស្នៀតវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួតល្អដែរ ហើយមួយទៀត គេវាយរហ័ស ដករហ័ស ចេញចូលលឿនមិនចាញ់ Chhieng chhai ទេ។
វិឆ័យមួយរយៈចុងក្រោយនេះមានការរីកចម្រើននិងជឿនលឿនច្រើន ហើយក៏ទើបឈ្នះមេដាយមាសថ្មីៗនេះ។ វិឆ័យ របៀបវាយរបស់គេ កាន់តែល្អ និង រហ័សជាងមុន ហើយកម្លាំងកាយសម្បទានិង ទឹកចិត្តរបស់គេគឺខ្លាំងជានិច្ច។ វង្ស វិឆ័យប្រកួត៥៨លើក ឈ្នះ៥២លើក និង ចាញ់០៦លើក មិនដែលស្មើ ខណៈ Chhieng chhai ប្រកួត៨០លើក ឈ្នះ៥៩លើក ចាញ់២១លើក និងមិនដែរស្មើ៕ដោយ៖លី ភីលីព