បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃពុធនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានស្នើឲ្យពង្រឹងកម្លាំងយោធាជាអតិបរិមានិងការទប់ទល់សង្គ្រាមនុយក្លេអ៊ែកាន់តែខ្លាំងឡើង ក្នុងខណៈសមាជបក្សដ៏កម្រ បានឈានដល់ទីបញ្ចប់ក្រោយរយៈពេល៨ថ្ងៃ បន្ទាប់ពីការពិភាក្សាគ្នាអំពីគោលនយោបាយ។
លោក គីម ជុងអ៊ុន ត្រូវបានទីភ្នាក់ងារសារព័ត៌មានដកស្រង់សម្តី ដែលនិយាយយ៉ាងដូច្នេះថា “យើងត្រូវតែធ្វើគ្រប់យ៉ាងទាំងអស់ដែលយើងអាច ដើម្បីបង្កើនសមត្ថភាពទប់ទល់សង្គ្រាមនុយក្លេអ៊ែ ដោយយើងធ្វើការកសាងសមត្ថភាពយោធាដ៏ខ្លាំងក្លាបំផុត”។
គួរបញ្ជាក់ថា សមាជបក្សលើកទី៨របស់ប្រទេសកូរ៉េខាងជើង គឺត្រូវបានធ្វើឡើង ក្នុងពេលតិចជាង២សប្ដាហ៍ នៅមុនប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែង និងស្របពេលដែលមានការជាប់គាំងរយៈពេលយូរ ក្នុងកិច្ចពិភាក្សាគ្នា ដែលមានគោលដៅបញ្ចប់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែកូរ៉េខាងជើង ដើម្បីទទួលបានថ្នូរបន្ទូរបន្ថយទណ្ឌកម្ម៕ប្រែសម្រួល៖ប៉ាង កុង