កីឡា

សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បើកវគ្គគ្រូបច្ចេកទេស និង ចៅក្រម មុនពេលប្រកួត

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបើកវគ្គបំប៉ន គ្រូបង្វឹក ចៅក្រម របស់ខ្លួន រយៈពេល២ថ្ងៃគឺថ្ងៃទី១៤ និង១៥ មករា មុនពេលព្រឹត្តិការណ៍ ការប្រកួតជើងឯក ជាតិឆ្នាំ២០២០ និងការប្រកួតកីឡាកីឡា កាយសម្ព័ន្ធដណ្ដើមពានរង្វាន់ លោកបណ្ឌិត ថោង ខុន លើកទី៤ ដែលចាប់ផ្ដើមពីថ្ងៃទី១៤ ដល់១៩មករា២០២១ ក្នុងពហុកីឡដ្ឋានជាតិ (សាលដំបូលទូកចាស់ ) ។

ក្នុងឳកាសពិធីបើកវគ្គខាងលើនេះ ដោយមានការអញ្ជើញពីសំណាក់ លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និង កីឡា តំណាងឲ្យលោក ហ៊ុន សាមុត ប្រធាននាយកដ្ឋាន អប់រំកាយ និង កីឡា និងលោកណយ ផាណា អគ្គលេខាធិការ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ។

លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានប្រាប់ឲ្យដឹងថា វគ្គនេះមានសិក្ខាកាម ចូលរួម ចំនួន៣០រូប ដែលជាគ្រូបង្វឹកមកពីបណ្ដារាជធានី-ខេត្តទាំង៤ បានចូលរួមដូចជា ក្រសួងមហាផ្ទៃ ខេត្តតាកែវ ខេត្ត ក្រចេះ និងខេត្តកមពង់ឆ្នាំង ។ កីឡាករ-កីឡាការិនីចូលរួមប្រកួតមានចំនួន៦៤នាក់ គឺដូចគ្នានឹងឆ្នាំកន្លងទៅដែរ ។

លោកអគ្គលេខាធិការ បានបញ្ជាក់ឲ្យដឹងថាតាមពិតអ្វីៗទាំងគ្រូបង្វឹក ទាំងមន្ត្រីបច្ចេកទេសសុទ្ធតែចេះដឹងអស់ហើយ តែវគ្គនេះគឺចង់ឲ្យពួកគាត់ដឹង ពីការប្រែប្រួលថ្មីៗលើបទបញ្ជា និងបញ្ហាផ្សេងៗទៀត របស់សហព័ន្ធអន្តរជាតិ ។ គ្រូឧទ្ទេសមានលោក អគ្គលេខាធិការណយ ផាណា និង លោកសោ សុផេង ។
នេះជាការប្រកួត ជ្រើសរើសកីឡាករ កីឡាការិនីប្រចាំឆ្នាំ២០២០ និងជ្រើសរើសកីឡាករកីឡាការិនីឆ្នើម សម្រាប់ការប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិ ឆ្នាំ២០២១ ជាមួយនឹងការត្រៀមលក្ខណៈ សម្រាប់ចេញទៅហ្វឹកហាត់ នៅប្រទេសចិន ក្នុងឆ្នាំ២០២១នេះ ។ ការប្រកួតនេះប្រើប្រាស់ថវិកា របស់ក្រសួង អប់រំយុវជន និង កីឡា ចំណែកការប្រកួតមិន មានការកម្រិតអាយុឡើយ តែកីឡាករកីឡាការិនីត្រូវតែមកពីបណ្ដាក្លិប ឬសមាគម ដែលជាសមាជិករបស់ព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា។

ការប្រកួតនឹងចាប់ផ្ដើមពីថ្ងៃទី១៤ដល់ថ្ងៃទី១៩មករាឆ្នាំ២០២១ ។ សូមបញ្ជាក់ថាកាយសម្ព័ន្ធ ចែកចេញជា២ប្រភេទ គឺកាយសម្ព័ន្ធអាអេរ៉ូប៊ិក(Aerobic) និង កាយសម្ព័ន្ធអាកទីស្ទីក (Artistic) ។ ចំពោះវិញ្ញាសា ដែលដាក់ឲ្យប្រកួតនោះមាន ៖ សម្រាប់ប្រភេទកាយសម្ព័ន្ធអាកទីស្ទីក (Artistic) វិញ្ញាសាប្រកួតជាក្រុម៦នាក់បុរស
ការប្រកួតសរុបឧបករណ៍ទាំ៦ (ឧបករណ៍កម្រាល សេះលោត សេះកង របាស្រប កង និង របាហ្នឹង ) ។ឧបករណ៍ជំនាញបុរសសេះលោតជំនាញសេះកង ជំនាញកម្រាល ជំនាញកង ជំនាញរបាស្រប និង ជំនាញរបាហ្នឹង ។

ចំពោះកាយសម្ព័ន្ធអាអេរ៉ូប៊ិក (Aerobic) វិញមានវិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី វិញ្ញាសាគូចម្រុះ (បុរស នារី ) អាអេរ៉ូប៊ិកទ្រីយ៉ូ(TRIO)បុរស នារី និងវិញ្ញាសាអាអេរ៉ូប៊ិក ក្រុមចម្រុះ៥នាក់ ៕ដោយ៖លី ភីលីព

Most Popular

To Top