បរទេស ៖ យោធារបស់ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធនេះ បានចាប់ផ្តើមធ្វើសមយុទ្ធមីស៊ីល កងទ័ពជើងទឹក មានរយៈវាយប្រហារខ្លីមួយ ស្របពេលកំពុង មានភាពតានតឹងកាន់តែខ្លាំង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ។
នាវាចម្បាំង Makran ផលិតដោយអ៊ីរ៉ង់ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ពិពណ៌នាថា ជានាវាចម្បាំងដ៏ធំបំផុត របស់ប្រទេសអ៊ីរ៉ង់ មានកន្លែងចតឧទ្ធម្ភាគចក្រ ហើយនិងនាវា សម្រាប់បាញ់ ចេញមីស៊ីល ឈ្មោះ Zereh កំពុងតែចូលរួមនៅក្នុងសមយុទ្ធយោធាមានរយៈពេលពីរថ្ងៃ នៅឈូងសមុទ្រអូម៉ង់នោះដែរ ។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់មានមួយ ក្នុងចំណោមកម្មវិធីមីស៊ីលដ៏ធំបំផុត នៅក្នុងតំបន់មជ្ឈិមបូព៌ា ដែលគេចាប់ទុកអាវុធ ប្រភេទនោះ ថាជាកម្លាំងទប់ទល់ និងសងសឹកវិញយ៉ាងសំខាន់ ចំពោះសហរដ្ឋអាមេរិក និងសត្រូវផ្សេងទៀត ក្នុងករណីមានសង្គ្រាមផ្ទុះឡើង ៕