កីឡា

ទិវាអន្តរជាតិ រត់ពាក់កណ្តាល ម៉ារ៉ាតុង នៅអង្គរវត្តត្រូវប្ដូរ រត់ដោយស្ម័គ្រចិត្តខ្លួនឯង

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ធ្វើសន្និសីទ សារព័ត៌មាន ស្តីពីការប្តូរព្រឹត្តិការណ៍ទិវាអន្តរជាតិ រត់ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្តនៅខេត្តសៀមរាប ទៅជាព្រឹត្តិការណ៏ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១រត់ដោយស្ម័គ្រចិត្តខ្លួនឯងវិញ ខណៈស្ថានភាពនៃមេរោគCOVID-19 នៅមិនទាន់ស្ងប់ស្ងាត់នោះ ។

បន្ទាប់ការ អាក់ខាន ដោយសារមេរោគ COVID-19 គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានគម្រោងរៀបចំព្រឹត្តិការណ៍ ទិវាអន្តរជាតិរត់ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត នៅខេត្តសៀមរាប នាថ្ងៃទី២៤ មករា ២០២១ តែពេលនេះស្ថានភាព នៅមិនទាន់អំណោយផល នៅឡើយទេ ហើយអ្នកចុះឈ្មោះ ក៏បានចុះរួចដែរ ហេតុនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូឧបត្ថម្ភសម្រេចចិត្តប្ដូរ ឥរិយាបថនៃការរត់ទៅជារត់ដោយស្ម័គ្រចិត្តខ្លួនឯង(VIRTUAL)ដែលនឹងធ្វើ នៅថ្ងៃទី៦ និង៧កុម្ភៈ ។

លោ វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា មានប្រសាសន៍ថា យើងមិនអាចរៀបចំប្រឹត្តិការណ៍នេះឲ្យដូចរៀងរាល់ឆ្នាំបាននោះទេ ព្រោះសន្ទុះកើនឡើងនៃ COVID-19 នៅប្រទេសជិតខាង ស្ថិតក្នុងកម្រិតខ្ពស់។ ក្នុងបរិបទនៃ COVID-19 យើងត្រូវធ្វើអ្វីឲ្យស្របទៅ តាមយុគសម័យ នៃសង្គមដែលកំពុងតែរង នូវឥទ្ធិពលមួយនេះ។ ហេតុនេះអ្នកបានចុះ ឈ្មោះរួចរាល់ហើយត្រូវតែរត់ ដោយខ្លួនហើយរត់នៅទីកន្លែង ណាក៏បានដែរ ។

លោកបានបន្តថា ចំពោះលទ្ធផល គឺសាមីខ្លួនត្រូវផ្ញើ តាមរយៈManulife MOVE App)ដើម្បីទទួលមេដាយក្នុងករណីដែលការរត់នោះបានទទួលថិរវេលាល្អ ។ អ្នករត់ត្រូវតែមានភាពស្មោះត្រង់ លើលទ្ធផលរបស់ខ្លួន ទាំងអ្នករត់ ៣គីឡូម៉ែត្រ ៥គីឡូម៉ែត្រ ១០គីឡូម៉ែត្រ និង២១គីឡូម៉ែត្រ ប្រសិនបើគេផ្ញើលទ្ធផល ដែលមិនស្មោះត្រង់មកមានន័យថា គេមិនស្មោះត្រង់ចំពោះខ្លួនឯងឡើយ ដោយហេតុនេះអ្នកចូលរួមរត់ ត្រូវតែបំពេញកាតព្វកិច្ចរត់ ឲ្យដល់គិលដៅរបស់ខ្លួន ។

លោកអគ្គលេខាធិការ ទទួលស្គាល់ថា ការធ្វើនូវរបៀបថ្មីនេះប្រៀបដូចជាអាវុធមុខពីរ យ៉ាងអញ្ចឹង គឺវាអាចបរាជ័យ និង ជោគជ័យ តែទោះជាយ៉ាងណា ក៏ត្រូវតែធ្វើព្រោះនៅលើពិភពលោកនេះ គេបានប្ដូរឥរិយាបថមករត់តាមរបៀបស្ម័គ្រចិត្ត ដោយខ្លួនឯង(VIRTUAL) នេះអស់ហើយ ៕ដោយ៖លី ភីលីព

Most Popular

To Top