បរទេស៖អ្នកនយោបាយបក្សកាន់អំណាចជប៉ុន បានថ្កោលទោសចំពោះការសម្រេចចិត្តរបស់តុលាការកូរ៉េខាងត្បូង ស្តីពីអតីតស្ត្រីបម្រើផ្លូវភេទកូរ៉េខាងត្បូង និងបានស្នើឲ្យបង្កកទ្រព្យសម្បត្តិកូរ៉េខាងត្បូងនៅក្នុងប្រទេសជប៉ុន។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង KBS បានរាយការណ៍នៅពេលថ្មីៗនេះថា អ្នកនយោបាយជប៉ុន ណែនាំចេញសេចក្តីសម្រេចមួយ ស្នើឲ្យមានវិធានការតបតប្រឆាំងទីក្រុងសេអ៊ូល នៅក្នុងអំឡុងកិច្ចប្រជុំចម្រុះមួយរបស់ក្រសួងការបរទេសនិងផ្នែកកិច្ចការបរទេសរបស់គណបក្សលទ្ធិប្រជាធិបតេយ្យសេរី។
សេចក្តីសម្រេចជប៉ុននោះ បាននិយាយថា ទីក្រុងតូក្យូគួរតែស្នើឲ្យមានការកែតម្រូវពីរដ្ឋាភិបាលកូរ៉េ សម្រាប់ការបំពានច្បាប់អន្តរជាតិ និងបានគូសបង្ហាញនូវវិធានការនានា ឆ្ពោះទៅរកការបង្កកទ្រព្យសម្បត្តិកូរ៉េនៅក្នុងប្រទេសជប៉ុន ឬក៏ទណ្ឌកម្មហិរញ្ញវត្ថុ ប្រសិនបើភាគីទាំងពីរបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងគ្នា៕ប្រែសម្រួល៖ប៉ាង កុង