ភ្នំពេញ ៖ លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT តំណាងឲ្យលោក បណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុនរដ្ឋមន្រ្តី ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធាន ខេមរសហព័ន្ធកីឡា តេក្វាន់ដូWT នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រម តេក្វាន់ដូWT នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិ ហ្វឹកហ្វឺនកីឡា ។
លោក យឹម សត្ថា គ្រូឧទ្ទេស និងជាអាជ្ញាកណ្តាលអន្តរជាតិ បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល យើងរៀបចំ ចែកចេញជា២វគ្គ ដែលមានសិក្ខាកាម ចូលរួមចំនួន២៥នាក់ មកពីរាជធានីខេត្តចំនួន៦ គឺភ្នំពេញ ព្រៃវែង កំពង់ចាម កណ្តាល បាត់ដំបង់ និងសៀមរាប ។ ដោយវគ្គបណ្តុះបណ្តាល អាជ្ញាកណ្ដាល ចៅក្រមតេ ក្វាន់ដូ ថ្នាក់មូលដ្ឋាន-ជាតិ មានសិក្ខាកាម សរុបចំនួន២៥នាក់ បង្រៀនដោយអាជ្ញាកណ្តាល អន្តរជាតិលោក យឹម សត្ថា លោក ជា សារ៉ាត់ និងលោកគ្រូជនជាតិ កូរ៉េខាងត្បូង Cheon Samyeong ។
លោក ជ្រិង សុធា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាល អាជ្ញាកណ្ដាល ចៅក្រម ថ្នាក់មូលដ្ឋានជាតិឆ្នាំ២០២០ អាចប្រព្រឹត្តទៅបានដោយសារ បានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូ ដើម្បីធ្វើការ បណ្តុះបណ្តាល ធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូ ថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកី SEA GAMES 2023 លើកទី៣២ នាឆ្នាំ២០២៣ខាងមុខ និងត្រៀមចូលរួម ក្នុងកម្មវិធីប្រកួត ជាលក្ខណៈអន្តរជាតិនានា ៕
ដោយ៖លី ភីលីព