ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់សកលជ្រើសរើស ជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ បានចាប់ផ្ដើមប្រកួតពីថ្ងៃទី១៨ ខែមករានឹងត្រូវបញ្ចប់ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ មានតែកីឡាករប្រដាល់-កីឡាការិនីសកល៣៨រូប តែប៉ុណ្ណោះចូលរួម ហើយការប្រកួតដំណើរការ ជាផ្លូវការដោយការគាំទ្រថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡា ។
លោកប៊ួយ សោភ័ណ្ឌ ជាអគ្គលេខាធិការ របស់សហព័ន្ធនោះថា ការប្រកួតនេះសម្រាប់បុរស មានចំនួន៧ប្រភេទទម្ងន់ និងនារីមានតែមួយប្រភេទទម្ងន់ ចំពោះចំនួនកីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតមាន៣៨រូបតែកាលពីចុះឈ្មោះប្រកួតមាន៥៨រូប ។
មូលហេតុដែលនៅពេលថ្លឹង ប្រកួតមានការថយចុះបែបនេះ ដោយសារតែអ្នកខ្លះបន្ទាប់ពីចុះឈ្មោះហើយ អវត្តមានចំពោះអ្នកខ្លះទៀត រក្សាទមន្ងន់មិនបាន ។
កីឡាករ-កីឡាការិនី ដែលចូលរួមប្រកួតនោះមកពី១១សមាគម ក្លិបគឺមកពី១១រាជធានី ខេត្ត និង៣ក្រសួងគឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។ នេះជាការប្រកួតដែលប្រើប្រាស់ ថវិកាក្រសួងអប់រំយុវជន និង កីឡា ហើយក៏ជាការប្រកួត ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីសម្រាប់ប្រមូលផ្ដុំ ក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១ សម្រាប់ត្រៀម ស៊ីហ្គេមលើកទី៣១ឆ្នាំ២០២១ នៅទីក្រុងហាណូយប្រទេសវៀតណាម ។
លោកបន្តថា កម្ពុជាសព្វថ្ងៃមិនសូវមានអ្នកចូលចិត្តហ្វឹកហាត់ ប្រដាល់សកលឡើយ ដោយសារតែលំបាក់រកទីផ្សារដើម្បីប្រកួត ។ ភាគច្រើនគេហ្វឹកហាត់ ប្រដាល់គុនខ្មែរ ដែលសម្បូរកន្លែងប្រកួត ពិសេសតាមស្ថានីយ៍ទូរទស្សន៍នានា ចំណែកប្រដាល់សកល ជាប្រភេទកីឡា ដែលមានសក្ដានុពលគ្រាន់ បើដែរនៅកម្ពុជា រាល់ការចេញទៅប្រកួតSEA GAMES ប្រដាល់សកលតែងតែប្រជែង បានមេដាយមិនដែលខានឡើយ ។
សម្រាប់ SEA GAMES នៅវៀតណាមប្រភេទទម្ងន់ ត្រូវបានកែសម្រួល គឺសម្រាប់បុរសមានប្រភេទ ទម្ងន់៥២គីឡូក្រាម ៥៧គីឡូក្រាម ៦៣គីឡូក្រាម ៦៩គីឡូក្រាម និងប្រភេទទម្ងន់សេរី ។ ចំពោះនារីមាន៥ប្រភេទទម្ងន់ ៕