ភ្នំពេញ ៖ ក្លិបកីឡាវាយសី ក្រសួងមហាផ្ទៃ និងក្លិបកីឡាវាយសី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅតែរក្សាតំណែង ជើងខ្លាំង ដដែលដោយគ្មានគូប្រកួត ណាអាចយកឈ្នះបានឡើយ ខណៈក្រសួងមហាផ្ទៃ ដណ្តើមមេដាយមាស លើវិញ្ញសាវាយគូបុរស អាយុ១៩ឆ្នាំឡើង បន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុវគ្គផ្តាច់ព្រ័ត្រ នៃការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២០ ។
ក្នុងឳកាសបិទ និងប្រគល់ជយលាភី ដល់កីឡាករ-កីឡាការិនី នៃព្រឹត្តិការណ៍ការប្រកួតកីឡាវាយសី ជ្រើសរើសជើងឯក ថ្នាក់ជាតិឆ្នាំ ២០២០នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លី កុសល ប្រធានសហព័ន្ធកីឡា វាយសីកម្ពុជា និងលោក ម៉ិល កាដូ អគ្គនាយករង តំណាងឲ្យលោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ។
សម្រាប់ការប្រកួត រយៈពេល៣ថ្ងៃ៣ក្លិប កីឡាវាយសីក្រសួង មហាផ្ទៃ ដណ្តើមបានមេដាយមាស៣គ្រឿង និងមេដាយប្រាក់១គ្រឿង ក្លិបកីឡាវាយសីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលមេដាយមាស១គ្រឿង មេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង ក្លិបកីឡាវាយសីសៀមរាបទទួលមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង និងក្លិបកីឡាវាយសី ការពារអាកាស កងទ័ពជើងគោក ទទួលមេដាយមាស១គ្រឿង និងមេដាយប្រាក់១គ្រឿង ។
ចំណែកក្លិបកីឡាវាយសី កំពង់ចាម ទទួលមេដាយមាស១គ្រឿង សម័្ពន្ធកីឡាវាយសី ខេត្តប៉ៃលិន និងសម័្ពន្ធកីឡាវាយសី ខេត្តកំពង់ឆ្នាំង មេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង និងសម័្ពន្ធកីឡាវាយសីខេត្តស្វាយរៀង និងក្លិបកីឡាវាយសីស្តាតអូឡាំពិក ទទួលបានមេដាយសំរិទ្ធ១គ្រឿង ៕