កីឡា

លោក ប៉ាន សូរស័ក្តិ ៖វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កីឡាទោចក្រយាន កម្រិតមូលដ្ឋាន ត្រូវបានបញ្ជប់ដោយជោគជ័យ

សៀមរាប៖ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម
និងប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានបានថ្លែងឲ្យដឹងថា វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កីឡាទោចក្រយាន កម្រិតមូលដ្ឋាន ត្រូវបានបញ្ជប់ដោយជោគជ័យប្រកបដោយផ្លែផ្កាគួរជាទីមោទនៈ។

ការលើកឡើងនេះ បានធ្វើឡើងនៅពេលដែល លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយានអញ្ញើញចូលរួមជាអធិបតីក្នុងពិធី “បិទ” វគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួត កម្រិតមូលដ្ឋាន ដែលបានរៀបចំឡើងមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម លោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត គ្រូបង្វឹក សិក្ខាកាម ក្រុមម៉ូតូ BMW តំណាងក្រុមហ៊ុនឧបត្ថម្ភនានា និងកីឡាករកីឡាការនីជាច្រើនរូបទៀត។

លោកប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការរបស់មន្ទីរពាណិជ្ជកម្មខេត្តសៀមរាប ដែលទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស ស្នងការរៀបចំការប្រកួតកីឡាទោចក្រយាន កម្រិតមូលដ្ឋានដ៏មហោឡារិកនេះ និងបានកោតសរសើរចំពោះប្រតិភូដឹកនាំក្រុមកីឡាទោចក្រយានតាមបណ្តាខេត្ត និងក្រុងទាំងអស់ ដែលបានមកចូលរួមរៀនវគ្គបណ្តុះបណ្តាលខាងលើប្រកបដោយការយកចិត្តទុកដាក់ និងស្មារតី មិត្តភាព សាមគ្គីភាព ការយោគយល់គ្នា។

លោកប្រធានបានបញ្ជាក់ឱ្យដឹងថា ការរៀបចំវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល០៤ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានបញ្ចប់ដោយរលូន និងបញ្ចប់ជាស្ថាពរនៅថ្ងៃនេះ ហើយវគ្គបណ្តុះបណ្តាលនេះបានធ្វើឲ្យមន្ត្រីគណៈកម្មការបច្ចេកទេសយើង បានយល់ដឹងអំពីបច្ចេកទេសក្នុងរៀបចំការប្រកួតកីឡាទោចក្រយាន ដើម្បីត្រៀមចូលរួមរៀបចំការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ នាថ្ងៃស្អែកនេះ។

ទន្ទឹមនឹងនេះដែរ លោកប្រធានបានថ្លែងអំណរគុណ ចំពោះ គ្រូឧទ្ទេស និងមន្រ្តី របស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប និងសហព័ន្ធខ្មែរកីឡាទោចក្រយាន ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោកប្រធានបានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ថា មានការផ្លាស់ប្ដូរយ៉ាងល្អប្រសើរទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច និងសង្គម ធ្វើឱ្យកម្ពុជា ទទួលបាននូវកាលានុវត្តថ្មីៗ ពុំធ្លាប់មានសម្រាប់ការងារកែទម្រង់ស៊ីជម្រៅ ការពង្រីកមូលដ្ឋានកំណើនសេដ្ឋកិច្ច ព្រមទាំងទទួលបាននូវទំនុកចិត្តឱ្យទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំប្រកួតកីឡាអាស៊ីអាគ្នេយ៍នៅឆ្នាំ២០២៣ ខាងមុខនេះ៕ដោយ៖លីភីលី

Most Popular

To Top