ព័ត៌មានអន្តរជាតិ

លោក បៃដិន ស្វះស្វែងបន្តសន្ធិសញ្ញាអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយរុស្ស៊ី

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងស្វះស្វែងបន្តសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START រយៈពេល៥ឆ្នាំទៀត ជាមួយប្រទេសរុស្ស៊ី នេះបើតាមសម្តីរបស់សេតវិមាននិយាយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ហើយនេះជាការសម្រេចចិត្តមួយ ក្នុងចំណោមការសម្រេចចិត្តគោលនយោបាយបរទេស ដ៏ចម្បងដំបូងនៃរដ្ឋបាលថ្មី នៅមុនពេលសន្ធិសញ្ញានោះ ផុតកំណត់ក្នុងដើមខែកុម្ភៈ។ 

នៅក្នុងសន្និសីទកាសែតមួយ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព័ត៌មានសេតវិមាន លោកស្រី Jen Psaki បាននិយាយថា “លោកប្រធានាធិបតី មានការប្រាកដចិត្តជាយូរមកហើយថា សន្ធិសញ្ញា New START  គឺស្ថិតនៅក្នុងផលប្រយោជន៍សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ហើយការបន្តនេះ បង្កើតនូវអត្ថន័យថែមទៀត នៅពេលដែលចំណងមិត្តភាពជាមួយរុស្ស៊ី មានស្ថានភាពមិនស្រួលដូចក្នុងពេលបច្ចុប្បន្ននេះ”។ 

គួរបញ្ជាក់ថា សន្ធិសញ្ញាគ្រប់គ្រងអាវុធ ដែលនឹងដល់ពេលផុតកំណត់នៅថ្ងៃទី០៥ ខែកុម្ភៈខាងមុខនេះនោះ បានដាក់កម្រិតសហរដ្ឋអាមេរិកនិងប្រទេសរុស្ស៊ី ឲ្យដាក់ពង្រាយប្រើប្រាស់នូវក្បាលគ្រាប់ នុយក្លេអ៊ែយុទ្ធសាស្ត្រមិនលើសពីចំនួន១.៥៥០គ្រាប់នោះទេ៕ 

ប្រែសម្រួល៖ប៉ាង កុង 

Most Popular

To Top