ភ្នំពេញ ៖ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរ ជ្រើសរើសជើងឯក ថ្នាក់ជាតិ២០២០ បានបើកការប្រកួតជាផ្លូវការ រៀបចំដោយសហព័ន្ធ ក្រោមការគាំទ្រថវិកាក្រសួងអប់រំ យុវជន និងកីឡា ផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍TV5 ដែលមានរយៈពេល៥ ថ្ងៃទីចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់ ។
ក្នុងឳកាសបើកជាផ្លូវការនេះ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ លោក តែម ម៉ឺន ប្រធានសហព័ន្ធ កីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកីឡា លោក ឯម ហៀង តំណាងឲ្យ NOCC លោក អៀន វ៉ាន់សិន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard និងលោក ហួង រាតាមុន្នី អគ្គនាយកស្ថានីយទូរទស្សន៍TV5 ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះការប្រកួតជើងឯក កីឡាប្រដាល់គុនខ្មែរឆ្នាំនេះ មានកីឡាករចំនួន១០៨នាក់ មកពី១៦ សមាគមក្នុងរាជធានីខេត្ត នៅទូទំាំងប្រទេសកម្ពុជា និងគណៈកម្មការបច្ចេកទេសជាង១០០នាក់ រួមមានគណៈកម្មការវិនិឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្មការ រៀបចំសម្លៀកបំពាក់ គណៈកម្មការថ្លឹកគីឡូក្រាម និងគណៈកម្មការពេទ្យ ។
ការប្រកួតនេះមានសំខាន់ណាស់ សម្រាប់សហព័ន្ធក្នុងការចម្រាញ់ រកកីឡាករគុនខ្មែរឆ្នើម ដើម្បីហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិ ត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២ នៅប្រទេសកម្ពុជា ។
លោកបានបន្តថា អី្វដែលសំខាន់នេះ នាឆ្នាំ២០២១ សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើស ថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡា ប្រដាល់គុនខ្មែរជ្រើសរើស ថ្នាក់ជាតិ២០២១ ដែលនឹងប្រព្រឹត្តនាមិថុនា ឆ្នាំ២០២១ និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើស ជើងឯកអាស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Championships” នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តនាសីហា ឆ្នាំ២០២១ ដោយមានប្រទេសចំនួន១១ ចូលរួមមុនការប្រកួតកីឡា SEA GAMES 2023មកដល់ ៕ដោយ៖លី ភីលីព