ព័ត៌មានអន្តរជាតិ

អាមេរិក ចេញមុខជួយការពារ ជប៉ុន នៅដែនប្រជុំកោះ សេនកាគូ ពីការទាមទាររបស់ចិន

តូក្យូ ៖ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Nobuo Kishi និងសមភាគីអាមេរិក ដែលទើបតែងតាំងថ្មី លោក Lloyd Austin បានព្រមព្រៀង កាលពីថ្ងៃអាទិត្យថា ប្រជុំកោះសេនកាគូ ស្ថិតនៅក្រោមសន្ធិសញ្ញាសន្តិសុខរបស់សម្ព័ន្ធមិត្តទាំង ២ ដោយផ្តល់ការធានាដល់ជប៉ុនថា ជំហររបស់អាមេរិកលើប្រជុំកោះ ដែលទាមទារដោយចិន និងជប៉ុន នៅតែស្ថិតក្រោមរដ្ឋបាលថ្មីរបស់ប្រធានាធិបតីលោក ចូ បៃដិន ។

ថ្លែងតាមទូរស័ព្ទលោក Nobuo Kishi និងលោក Lloyd Austin ដែលបានស្បថចូលកាន់តំណែងជារដ្ឋមន្រ្តី ក្រសួងការពារជាតិ កាលពីថ្ងៃសុក្រ បានសន្យាពង្រឹងថែមទៀត នូវសម្ព័ន្ធមិត្តជប៉ុន – សហរដ្ឋអាមេរិក និងការពារសន្តិភាព និងសន្តិសុខនៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។

នៅក្នុងនោះដែរបានកត់សម្គាល់ នូវកិច្ចពិភាក្សាថ្នាក់រដ្ឋមន្ត្រីលើកដំបូង រវាងទីក្រុងតូក្យូ និងវ៉ាស៊ីនតោន ចាប់តាំងពីលោកប្រធានាធិបតី ចូ បៃដិន បានចូលកាន់តំណែង កាលពីថ្ងៃពុធសប្ដាហ៍មុន។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចពិភាក្សា លោក Nobuo Kishi បានលើកឡើងថា រដ្ឋមន្រ្តីទាំងពីរបានបញ្ជាក់ថា មាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខត្រូវអនុវត្ត ចំពោះប្រជុំកោះសេនកាគូ មានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងការពារទីក្រុងតូក្យូ ក្នុងករណីមានការវាយប្រហារ ប្រដាប់អាវុធប្រឆាំង នឹងក្រុមកោះតូចៗនៅសមុទ្រចិនខាងកើត ដែលមានឈ្មោះថា កោះដាយយូ នៅក្នុង ប្រទេស ចិន ។

លោកបានលើកឡើងថា“ យើងបានយល់ព្រមប្រឆាំង រាល់ការប៉ុនប៉ងជា ឯកតោភាគី ដើម្បីផ្លាស់ប្តូរស្ថានភាព នៅសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង” ។

ប្រមុខការពារជាតិជប៉ុន កំពុងនិយាយអំពីការ លុកលុយម្តងហើយម្តងទៀត របស់ចិន ចូលទៅក្នុងដែនទឹកនៅជុំវិញ ប្រជុំកោះសេនកាគូ ក្នុងគោលបំណង ដើម្បីធ្វើឱ្យអន្តរាយដល់ការគ្រប់គ្រងរបស់ជប៉ុន លើប្រជុំកោះទាំងនោះ ក៏ដូចជាការធ្វើមូលដ្ឋានីយកម្មយោធា របស់ទីក្រុងប៉េកាំង នៅតំបន់ដែលមានជម្លោះនៅសមុទ្រចិនខាងត្បូង ដែលផ្នែកខ្លះត្រូវបានអះអាង ដោយប៊្រុយណេម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាម៕

ដោយ ឈូក បូរ៉ា

Most Popular

To Top