ម៉ូស្គូ ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បានចាប់ផ្តើមការងារកម្រិតអ្នកជំនាញលើការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធថ្មីហៅកាត់ថា NEW START នេះបើយោង តាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យលោក Zakharova បានប្រាប់កម្មវិធីទូរទស្សន៍ថា “ខ្ញុំអាចនិយាយបានថា អ្នកជំនាញកំពុងធ្វើការយ៉ាងសកម្មនៅក្នុងទិសដៅនេះ។ នេះគឺជាការងារជាក់ស្តែង ហើយវាបានចាប់ផ្តើមហើយ” ។
អត្ថាធិប្បាយអំពីអនាគត របស់រុស្ស៊ី-អាមេរិក ទំនាក់ទំនងអ្នកការទូតរូបនេះ បានរំលឹកឡើងវិញថា រដ្ឋបាលលោកដូណាល់ ត្រាំ មានតែភាពស្មុគស្មាញក្នុង ទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងមូស្គូ ដែលត្រូវការកែលម្អ នៅក្នុងវិស័យជាច្រើន ។
ដូចគ្នានេះផងដែរកាលពីថ្ងៃច័ន្ទ លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev និងទីប្រឹក្សាសន្តិសុខជាតិ អាមេរិកលោក Jake Sullivan បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដើម្បីពិភាក្សាអំពីការពង្រីក NEW START រវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខ ។
អ្នកនាំពាក្យប្រធានាធិបតី លោក Dmitry Peskov បានឲ្យដឹងកាលពីសប្តាហ៍មុនផងដែរថា វិមានក្រឹមឡាំង ស្វាគមន៍សំណើ របស់សហរដ្ឋអាមេរិក ស្តីពីការបន្តរយៈពេល ៥ ឆ្នាំពេញនៃកម្មវិធី NEW START ប៉ុន្តែវាពិតជាសំខាន់ណាស់ ដែលត្រូវយកចិត្តទុកដាក់ ចំពោះគ្នាទៅវិញទៅមក ៕
ដោយ ឈូក បូរ៉ា