ព័ត៌មានអន្តរជាតិ

ណាតូ ស្វាគមន៍ឆន្ទៈ របស់អាមេរិក ក្នុងបន្ដសន្ធិសញ្ញា ត្រួតពិនិត្យអាវុធ នុយក្លេអ៊ែរ ជាមួយរុស្ស៊ី ៥ឆ្នាំទៀត

ព្រុចសែល ៖ អង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) កាលពីថ្ងៃសុក្របានស្វាគមន៍ចំពោះចេតនាថ្មី របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដើម្បីបន្តសន្ធិសញ្ញាទ្វេភាគី ជាមួយរុស្ស៊ីក្នុងរយៈពេល ៥ ឆ្នាំ ស្តីពីការកាត់បន្ថយ និងការដាក់កម្រិត នៃអាវុធវាយលុកយុទ្ធសាស្ត្រនុយក្លេអ៊ែរ ។

សន្ធិសញ្ញាកាត់បន្ថយ អាវុធនុយក្លេអ៊ែរថ្មី (START) ដែលកំណត់ សម្រាប់ប្រទេសទាំងពីរ ក្នុងការដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែររហូតដល់ទៅ ១៥៥០ នឹងត្រូវផុតកំណត់នៅខែកុម្ភៈ ហើយអាវុធនុយក្លេអ៊ែរ អាមេរិក និងរុស្ស៊ីនឹង មិនត្រូវបានត្រួតពិនិត្យ ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៧២ ប្រសិនបើគ្មានការពន្យារ ពេលត្រូវបានចរចាឡើង វិញនោះទេ ។

ប្រធានអង្គការណាតូលោក Jens Stoltenberg បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ជាមួយប្រធានាធិបតីហ្សកហ្ស៊ី Salome Zourabichvili ថា “ខ្ញុំសូមស្វាគមន៍ ចំពោះការប្រកាសរបស់ប្រធានាធិបតីលោក បៃដិន និងចេតនារបស់លោកក្នុងការស្វែង រកការពង្រីកសន្ធិសញ្ញា START ថ្មីមួយ” ។

លោក Stoltenberg បានបន្ថែមទៀតថា “ខ្ញុំបានបញ្ជាក់ម្តងហើយម្តងទៀតថា យើងមិនគួរបញ្ចប់នៅក្នុងស្ថានភាពមួយ ដែលយើងគ្មានកិច្ចព្រមព្រៀង និងគ្មានដែនកំណត់លើចំនួន ក្បាលគ្រាប់នុយក្លេអ៊ែរឡើយ”៕

ដោយ ឈូក បូរ៉ា

Most Popular

To Top