ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់ កងទ័ពអាកាសអាមេរិក ៣គ្រឿងនឹងសម្តែងការហោះហើរ នៅព្រឹត្តិការណ៍ Super Bowl 

បរទេស៖កងកម្លាំងទ័ពជើងអាកាសរបស់ សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានចេញសេចក្តីប្រកាសមួយនៅថ្ងៃចន្ទសប្ដាហ៍នេះថា សម្រាប់ជាលើកដំបូង យន្តហោះទម្លាក់គ្រាប់ផ្សេងគ្នាចំនួន៣គ្រឿង នឹងធ្វើការសម្តែងការហោះហើរពីលើ នៅក្នុងព្រឹត្តិការណ៍ Super Bowl ឆ្នាំនេះ នាថ្ងៃទី០៧ ខែកុម្ភៈ។

យន្តហោះទម្លាក់គ្រាប់ B-1B Lancer មកពីមូលដ្ឋានទ័ពអាកាស   Ellsworth  រដ្ឋដាកូតាខាងត្បូង យន្តហោះទម្លាក់គ្រាប់ B-2 Spirit  មកពីមូលដ្ឋានទ័ពអាកាស Whiteman  រដ្ឋមីសសួរី និងយន្តហោះទម្លាក់គ្រាប់ B-52 Stratofortress មកពីមូលដ្ឋានទ័ពអាកាស Minot  រដ្ឋដាកូតាខាងជើង នឹងចូលរួមព្រឹត្តិការណ៍ នៅពហុកីឡដ្ឋាន Raymond James  ក្នុងទីក្រុង Tampa។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោកឧត្តមសេនីយ៍ Tim Ray ជាមេបញ្ជាការនៃទីបញ្ជាការវាយប្រហារសកល បានមានប្រសាសន៍ថា “ការគាំទ្រដល់ព្រឹត្តិការណ៍នេះ គឺជាកិត្តិយសដ៏មហិមា សម្រាប់ទីបញ្ជាការរបស់យើង និងកងកម្លាំងទ័ពអាកាសសហរដ្ឋអាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top