បរទេស៖ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង នៅពេលថ្មីៗនេះ បានធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះរដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន ពាក់ព័ន្ធការថ្លែងរបស់លោកថ្មីៗនេះ ជុំវិញរឿងធ្វើព្យុហយាត្រាយោធាមួយ ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុងព្យុងយ៉ាង ដោយនិយាយថា ទីក្រុងតូក្យូ គ្រាន់តែកំពុងធ្វើឲ្យមានភាពរអាក់រអួល និងញុះញង់ឲ្យមានអរិភាពចំពោះប្រទេសខ្លួនប៉ុណ្ណោះ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi បានមានប្រសាសន៍ថា ទីក្រុងតូក្យូកំពុងតែធ្វើការងារ ដើម្បីប្រមូលនិងវិភាគព័ត៌មាននានា ពាក់ព័ន្ធនឹងអាវុធដែលបានបង្ហាញនៅក្នុងអំឡុងពេលព្យុហយាត្រា។
កាសែតកណ្ដាលកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “នាពេលថ្មីៗនេះ រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសជប៉ុន លោក Kishi បាននិយាយថា ជប៉ុនកំពុងតែធ្វើការប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីប្រមូលនិងវិភាគព័ត៌មាន ស្តីពីសកម្មភាពយោធារបស់កូរ៉េខាងជើង ហើយនេះគឺគ្មានអ្វីនោះទេ ក្រៅពីសម្រែកធ្វើឡើងដោយអ្នកទាំងនោះ ដែលកំពុងភ័យខ្លាចការអភិវឌ្ឍសាច់ដុំយោធាគ្មានគូរប្រៀបរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ស្ថិតក្នុងល្បឿនលឿនដ៏គួរឲ្យភ្ញាក់ផ្អើលលើពិភពលោក”៕ប្រែសម្រួល៖ប៉ាង កុង