តូក្យូ ៖ យោងតាមសេចក្តី ជូនដំណឹងមួយ នៅលើគេហទំព័រ របស់ខ្លួន បានឲ្យដឹងថា វិទ្យាស្ថានកីឡា មិនរកប្រាក់ចំណេញ របស់ប្រទេសជប៉ុន ដែលត្រូវបាន គណៈកម្មាធិដេញថ្លៃអូឡាំពិក ទីក្រុងតូក្យូចំណាយប្រាក់ចំនួន ១,៣ លានដុល្លារក្នុងអំឡុងពេលយុទ្ធនាការ ដើម្បីធានាការ ប្រកួតកីឡាអូឡាំពិក ឆ្នាំ ២០២០ បិទរាល់សកម្មភាព របស់ខ្លួនហើយយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
វិទ្យាស្ថានកីឡាអន្តរជាតិJigoro Kano Memorial ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ និងគ្រប់គ្រងដោយអតីត នាយករដ្ឋមន្រ្តីជប៉ុន Yoshiro Mori មិនបានផ្តល់ហេតុផល សម្រាប់សកម្មភាពបញ្ឈប់ នៅលើគេហទំព័រ របស់ខ្លួនឡើយ ។ លោក Mori មិនបានឆ្លើយតបការស្នើសុំ របស់ក្រុមសារព័ត៌មាន ដើម្បីសុំការអត្ថាធិប្បាយ នៅពេលទាក់ទងតាមអ៊ីម៉ែល តាមរយៈគណៈកម្មាធិការ រៀបចំទីក្រុងតូក្យូ ។
រដ្ឋាភិបាលទីក្រុងតូក្យូ ដែលមានអាសនៈ នៅលើក្រុមប្រឹក្សាភិបាល វិទ្យាស្ថានបាននិយាយថា ខ្លួនមិនត្រូវបានគេជូនដំណឹង អំពីការបិទរបស់មិន រកប្រាក់ចំណេញ និងការផ្លាស់ប្តូរសកម្មភាព របស់ក្រុមនោះទេ ។ ទីភ្នាក់ងារសារព័ត៌មានមួយ បានរាយការណ៍ កាលពីឆ្នាំមុនថា គណៈកម្មាធិការដេញថ្លៃតូក្យូ បានបង់លុយឲ្យវិទ្យាស្ថាន នេះចំនួន ១,៣ លានដុល្លារ នៅចន្លោះឆ្នាំ ២០១២ និង ២០១៤ នៅពេលដែលទីក្រុងតូក្យូ កំពុងតែបញ្ចុះបញ្ចូលដើម្បីឈ្នះការប្រកួត កីឡាអូឡាំពិកឆ្នាំ ២០២០
បុគ្គលិកម្នាក់នៅវិទ្យាស្ថាន បានប្រាប់កាលពីឆ្នាំមុនថា ប្រាក់ទាំងនេះត្រូវបានប្រើ ដើម្បីជួលក្រុមហ៊ុនពិគ្រោះយោបល់ ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក និងអ្នកពិគ្រោះយោបល់ បុគ្គល ២នាក់ ដើម្បីគាំទ្រការដេញថ្លៃតូក្យូឆ្នាំ ២០២០ ។
លោក Mori ជាឥស្សរជនដ៏មានឥទ្ធិពលម្នាក់ នៅក្នុងកីឡាជប៉ុន ឥឡូវនេះជាប្រធានគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូបាននិយាយ កាលពីខែវិច្ឆិកាថា លោកមិនបានចូលរួមដោយផ្ទាល់ នៅក្នុងហិរញ្ញវត្ថុមិនស្វែងរកប្រាក់ចំណេញ ហើយបាននិយាយថា លោកមិនដឹងអំពីប្រាក់ ដែលវិទ្យាស្ថានបានទទួល ពីការដេញថ្លៃនោះទេ៕ ដោយ៖លី ភីលីព