លោក Jeff Bezos នាយកប្រតិបត្តិ Amazon បានធ្វើការទាមទារប្រាក់ប្រមាណ ១,៧លានដុល្លារ ពីបងប្រុសនៃមិត្តស្រីរបស់ខ្លួនឈ្មោះថា Michael Sanchez។
ប្រាក់ដែលទាមទារនេះ គឺសម្រាប់រ៉ាប់រងនូវថ្លៃមេធាវី ដែលលោក Jeff Bezos បានចំណាយ ក្នុងរឿងក្ដីបរិហារកេរ្តិ៍ដែលលោក Michael បានដាក់ពាក្យប្ដឹង ចំពោះលោក Jeff Bezos។ Tom Warren មេធាវីការពារក្ដីលោក Michael បាននិយាយថា ការទាមទាររបស់លោក Jeff Bezos គឺពិតជាថោកទាប និងអាក្រក់បំផុត។
ជម្លោះរវាងលោក Jeff និង Michael បានចាប់ផ្ដើមកើតមានឡើង កាលពីជាងពីរឆ្នាំមុន។ កាលពីខែមករាឆ្នាំ ២០១៩ ក្រោយពីលោក Jeff និងភរិយាបានប្រកាសអំពីដំណឹងលែងលះ សារព័ត៌មាន Page Six និង National Enquirer បានទម្លាយថាលោក Jeff បានមានទំនាក់ទំនងស្នេហាជាមួយ Lauren Sanchez ដែលជាអតីតពិធីការនីទូរទស្សន៍ និងជាពីឡុតបញ្ជាឧទ្ធម្ភាគចក្រ។
National Enquirer និយាយថា បានធ្វើការតាមដានជម្រៅ លើទំនាក់ទំនងរបស់លោក Jeff និង Lauren រយៈពេល៤ខែ ដែលជាលទ្ធផលទទួលបានសាររោលរាល ដែលពួកគេផ្ញើឲ្យគ្នា រួមទាំងរូបភាពស្រើបស្រាលទៀតផង។
ក្រោយមកទៀតលោក Jeff បានចំណាយថវិកា ដើម្បីស៊ើបអង្កេតដើមហេតុ នៃការលេចធ្លាយព័ត៌មានរបស់ខ្លួន ដែលការស៊ើបអង្កេត មានដឹកនាំដោយលោក d Becker។ នៅពេលនោះលោក de Becker បាននិយាយថា Michael Sanchez ជាមនុស្សម្នាក់ដែលគេជឿជាក់ថា មានទម្លាយព័ត៌មានទៅឲ្យ National Enquirer ដែលពេលនោះ Michael Sanchez បានប្រកែក។
ក្នុងខែកុម្ភៈឆ្នាំ ២០២០ លោក Michael បានដាក់ពាក្យប្ដឹង ពីបទបរិហារកេរ្តិ៍ប្រឆាំងនឹងលោក Jeff Bezos និងលោក de Becker ផងដែរ ដោយបានចោទថាបុរសទាំងពីរ បានចោទប្រកាន់រូបលោកដោយគ្មានភស្តុតាងថា បានផ្ដល់រូបភាពអាក្រាតរបស់លោក Jeff ទៅឲ្យ National Enquirer ដោយក្រោយមកតុលាការសម្រេចឲ្យលោក Jeff ឈ្នះក្ដីដោយសារភស្តុតាង មិនអាចទទួលយកបាន៕ ប្រភព៖ sabay