កាលពីថ្ងៃអាទិត្យទី២៤មករា ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុកកែត Falcon-9 របស់ខ្លួនដោយជោគជ័យ ដោយដឹកផ្កាយរណបរហូតដល់ទៅ ១៤៣គ្រឿងតែមួយជើង។ នេះយោងតាមការផ្សាយផ្ទាល់នៅលើវេបសាយរបស់ក្រុមហ៊ុន។
នៅក្នុងការបាញ់បង្ហោះនេះ គឺមានផ្កាយរណបទូរគមនាគមន៍ Starlink ចំនួន១០ គ្រឿង ដែលជាគម្រោងទូរគមនាគមន៍អ៊ីនធឺណេត របស់ក្រុមហ៊ុន SpaceX ក្នុងគោលបំណងផ្តល់អ៊ីនធឺណេតឥតខ្សែនៅគ្រប់ចំណុចភូមិសាស្ត្រ នៃសកលលោក។
សេចក្ដីពណ៌នាអំពីការបាញ់បង្ហោះ របស់ក្រុមហ៊ុនបានសរសេរថា “នៅលើរ៉ុក្កែតនេះគឺមានផ្កាយរណបពាណិជ្ជកម្ម និងផ្កាយរណបរដ្ឋាភិបាល ចំនួន ១៣៣ គ្រឿង និងផ្កាយរណប Starlink ចំនួន ១០ គ្រឿង ដែលជាបេសកកម្មបង្ហោះ ផ្កាយរណបច្រើនបំផុតតែមួយជើង។ ផ្កាយរណប Starlink នៅលើបេសកកម្មនេះ គឺជាយានដំបូងគេបង្អស់ នៅក្នុងក្រុមផ្កាយរណបដែលបានដាក់ពង្រាយទៅកាន់គន្លងប៉ូល”៕ ប្រភព៖ sabay