ព័ត៌មានអន្តរជាតិ

អាមេរិក ផ្អាកកិច្ចព្រមព្រៀងលក់ F-35 ឲ្យទៅអេមីរ៉ាតអារ៉ាប់រួម ប៉ុន្ដែមិនប៉ះពាល់ ដល់ទំនាក់ទំនង របស់អ៊ីស្រាអែល

យេរ៉ូសាឡឹម ៖ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ការសម្រេចចិត្ត របស់សហរដ្ឋអាមេរិក ក្នុងការផ្អាកការលក់យន្តហោះចម្បាំង F-35 ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមិនប៉ះពាល់ដល់ចំណងមិត្តភាព អ៊ីស្រាអែល ជាមួយអារ៉ាប់រួមឡើយ។

ក្នុងពេលធ្វើសន្និសីទ សារព័ត៌មានខ្លី មួយនៅលើទំព័រហ្វេសប៊ុក របស់លោកណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា“ យើងបានឆ្លងផុតចំណុច ដែលមិនវិលត្រឡប់មកវិញ” ។

លោកបានបន្ថែមថា“ មនុស្សគ្រប់គ្នាយល់ថា មានអត្ថប្រយោជន៍ដ៏ធំធេង ចំពោះការមានទំនាក់ទំនងជាមួយអ៊ីស្រាអែល” ដោយកត់សម្គាល់ថា លោកជឿជាក់ថា ទីបំផុតកិច្ចព្រមព្រៀង អាវុធនឹងត្រូវឆ្លងកាត់។

ការកត់សម្គាល់ របស់លោកណេតាន់យ៉ាហ៊ូ បានធ្វើឡើងបន្ទាប់ពីរដ្ឋបាល របស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ឈប់ការលក់ យន្ដហោះចម្បាំងបំបាំងកាយ F-35 ដ៏សំខាន់មួយទៅឲ្យអេមីរ៉ាតអារ៉ាប់រួម ។

កិច្ចព្រមព្រៀងនេះ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ដូណាល់ ត្រាំបន្ទាប់ពីប្រទេសអារ៉ាប់រួម បានយល់ព្រមកាលពីឆ្នាំមុន ដើម្បីធ្វើឱ្យទំនាក់ទំនង របស់ខ្លួនជាមួយអ៊ីស្រាអែល មានភាពប្រក្រតីឡើងវិញ ៕
ដោយ ឈូក បូរ៉ា

Most Popular

To Top