នៅក្នុងសេចក្ដីថ្លែងសន្ទរកថា នៃ ន្និសីទការពារទិន្នន័យ សហភាពអឺរ៉ុប នៅថ្ងៃនេះ នាយកប្រតិបត្តិ Tim Cook បានបង្ហាញពីក្ដីបារម្ភ ជាច្រើនអំពីឯកជនភាព និងសុវត្ថិភាពទិន្នន័យផ្សេងៗ របស់អ្នកប្រើប្រាស់លើឧបករណ៍ឌីជីថល ខណៈបច្ចុប្បន្នមានកម្មវិធីជាច្រើន ព្យាយាមតាមដាន ទិន្នន័យរបស់អ្នកប្រើប្រាស់។
Tim Cook បាននិយាយថា បើទិន្នន័យរបស់អ្នកប្រើប្រាស់ នៅតែមានការតាមដាន និងយកទៅប្រើប្រាស់ នោះអ្នកប្រើប្រាស់ គឺលែងជាអតិថិជនទៀតហើយ ប៉ុន្តែពួកគេបានក្លាយជាផលិតផល ដែលត្រូវបានលក់ទៅ ឲ្យអ្នកផ្សព្វផ្សាយពាណិជ្ជកម្ម។
នាយកប្រតិបត្តិរូបនេះ ក៏បានធ្វើការថ្កោលទោសបន្ថែមថា អាជីវកម្មណាដែលមានការបំភ័ន្ត ដល់អ្នកប្រើប្រាស់ កេងប្រវ័ញ្ចទិន្នន័យ របស់អតិថិជន ពួកគេមិនគាំទ្រនោះឡើយ ហើយត្រូវធ្វើការកែទម្រង់ចេញ ។
បើទោះបី Tim Cook មិនបង្ហើបឈ្មោះអាជីវកម្មនោះចំៗ តែគេអាចសន្និដ្ឋានដឹងថា ក្រុមហ៊ុនដែលព្យាយាមតាមដាន ទិន្នន័យអ្នកប្រើប្រាស់ ដើម្បីឱ្យការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ចំគោលដៅល្អនោះ គ្មានក្រុមហ៊ុនណាក្រៅពី Facebook ឡើយ។
ត្បិតអីក្រុមហ៊ុនទាំងពីរ Apple និង Facebook គឺកំពុងមានរឿងក្ដៅនៅឡើយ អំពីបញ្ហាទាំងនេះ ខណៈនៅក្នុងពិធីប្រកាស ចំណូលប្រចាំត្រីមាស របស់ Facbook កាលពីថ្មីៗនេះ នាយកប្រតិបត្តិ Mark Zuckerberg បានចោទ Apple ថាកំពុងជ្រៀតជ្រែក ដោយវាយប្រហារ លើអាជីវកម្មរបស់ខ្លួន ព្រោះ Apple បានធ្វើការរឹតត្បិត ចំពោះការដានទិន្នន័យ លើប្រព័ន្ធប្រតិបត្តិការ iOS របស់ខ្លួន ៕ sabay