បរទេស ៖ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក គួរតែស្វះស្វែងរកកិច្ចព្រមព្រៀង បញ្ឈប់នុយក្លេអ៊ែជាបឋម ដែលរួមបញ្ចូលទាំងការ បញ្ឈប់សកម្មភាព នុយក្លេអ៊ែកូរ៉េខាងជើង និងការកាត់ផ្តាច់ ក្នុងកម្មវិធីនុយក្លេអ៊ែ ដើម្បីជាថ្នូរ នៃការបន្ធូរបន្ថយទណ្ឌកម្ម ។
លោកនាយករដ្ឋមន្ត្រី Chung Sye-kyun នៅក្នុងបទសម្ភាសន៍ដំបូង របស់លោកមួយ ជាមួយប្រព័ន្ធផ្សព្វផ្សាយបរទេស ចាប់តាំងពីឡើងកាន់តំណែង មួយឆ្នាំកន្លងមកនោះ បាននិយាយប្រាប់ថា ការគិតប្រកបដោយភាពច្នៃប្រឌិត និងការលើកទឹកចិត្តគ្នាទៅវិញទៅមក គឺត្រូវការជាចាំបាច់ ដើម្បីធ្វើឲ្យការចរចាគ្នាប្រព្រឹត្ត ទៅជាថ្មីម្តងទៀត និងទប់ស្កាត់មិនឲ្យមានការ បរាជ័យមួយផ្សេងទៀត ។
តាមសេចក្តីរាយការណ៍ លោកនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងរូបនេះ បាននិយាយថា “យើងអាចចាប់ផ្តើមជាមួយការបង្កក ក្នុងសកម្មភាពនុយក្លេអ៊ែ និងកាត់បន្ថយកម្មវិធីមួយចំនួនរបស់វា ហើយវានឹងប្រសើរបំផុត ប្រសិនបើយើងអាចកម្ចាត់វាចោល ទាំងអស់បាន ប៉ុន្តែវាមិនងាយនោះទេ ហើយយើងត្រូវការ ផ្លូវផ្សេងមួយទៀត” ។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសន្យាកសាងចំណងមិត្តភាពថ្មី និងធ្វើការងារឆ្ពោះទៅ រកការលុបបំបាត់អាវុធ នុយក្លេអ៊ែលើឧបទ្វីបកូរ៉េ នៅក្នុងជំនួបកំពូលដំបូង ឆ្នាំ២០១៨ ប៉ុន្តែជំនួបកំពូលទីពីរ និងការធានាឲ្យមានកិច្ចពិភាក្សា លំដាប់ការងារ បានទទួលរងបរាជ័យ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា