បរទេស៖ មន្ត្រីនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយនៅសន្និសីទកាសែតមួយថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin មានការប្តេជ្ញារក្សាកងកម្លាំងអាមេរិក នៅលើឧបទ្វីបកូរ៉េ ក្នុងគោលជំហរត្រៀមលក្ខណៈជាស្រេច ប្រឆាំងនឹងការគម្រាមកំហែងណាមួយ ពីប្រទេសកូរ៉េខាងជើង តាមរយៈការបន្ត សហសមយុទ្ធហ្វឹកហាត់រួមគ្នា ជាមួយកងកម្លាំងកូរ៉េខាងត្បូង។
នៅថ្ងៃព្រសហ្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ លោក Lloyd Austin បានមានប្រសាសន៍បែបនេះថា “យើងទទួលស្គាល់គុណតម្លៃនៃការហ្វឹកហាត់និងសមយុទ្ធ ដើម្បីរក្សាកងកម្លាំង ឲ្យត្រៀមលក្ខណៈជាស្រេច ហើយគ្មានទីកន្លែងណា ដែលមានសារៈសំខាន់ ជាងនៅលើឧបទ្វីបកូរ៉េទេ”។
មន្ត្រីនាំពាក្យ ក្រសួងការពារជាតិអាមេរិករូបនោះ បានមានប្រសាសន៍បន្ថែមទៀតដូច្នេះថា “អ្វីដែលសមយុទ្ធនឹងត្រូវធ្វើនោះ នឹងមានរូបរាងដូចជា ការបោះជំហារឆ្ពោះទៅមុខយ៉ាងពិសេស ខ្ញុំមិនបានត្រៀមនិយាយប្រាប់អ្នក ប៉ុន្តែលោក Austin យល់ច្បាស់ពីតម្រូវការចាំបាច់ ដើម្បីត្រៀមលក្ខណៈ ហើយយើងនឹងប្តេជ្ញាចិត្តចំពោះវា”។
គួរបញ្ជាក់ថា សហសមយុទ្ធយោធាជាច្រើន រវាងកងកម្លាំងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងមួយចំនួន ត្រូវបានលុបចោល ឬក៏ត្រូវបានបន្ថយឲ្យមានទ្រង់ទ្រាយតូច ក្នុងកាយវិការការទូតមួយ ក្រោយទីក្រុងវ៉ាស៊ីនតោន និងទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមកិច្ចចរចានុយក្លេអ៊ែ នៅក្នុងឆ្នាំ២០១៨៕ ប្រែសម្រួល៖ប៉ាង កុង