ព្រះសីហនុៈ វិបត្តិជំងឺកូវីដ និងបញ្ហាដទៃទៀត បានធ្វើឲ្យការដ្ឋានសំណង់ទូទាំង ខេត្តព្រះសីហនុចំនួន ៦២៤ បានផ្អាកសកម្មភាពសាងសង់ ដែលការដ្ឋានសំណង់ទាំងនោះ មានវាសនាមិនច្បាស់លាស់។
យោងតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដនសស) ខេត្តព្រះសីហនុបានឲ្យដឹងថា យោងតាមការចុះតាមដានការដ្ឋានសំណង់ របស់ក្រុមមន្ត្រីជំនាញរបស់ដនសស ស្ថិតក្នុងខេត្តព្រះសីហនុ ក្រុមការងារមនី្ទរដនសស និងការិយាល័សដនសភ បានចុះតាមដានសកម្មភាពការងារសាងសង់បានរកឃើញថា ការដ្ឋានសំណង់ចំនួន៤ការដ្ឋាន បានរុះរើរួចទុកដីទំនេរ។
ការដ្ឋានសំណង់ចំនួន៦២៤ការដ្ឋាន គ្មានសកម្មភាពសាងសង់។ ការដ្ឋានសំណង់សរុបចំនួន៥២៧ការដ្ឋាន កំពុងមានសកម្មភាព សាងសង់របាយការណ៍ដដែល បានបង្ហាញថា ជាមួយគ្នានេះការដ្ឋាន សាងសង់សរុបចំនួន១៥៣ការដ្ឋាន បានសង់រួច និងកំពុងប្រកបអាជីវកម្ម។ ការដ្ឋានសំណង់១០៦ ការដ្ឋាន បានសង់រួច ប៉ុន្តែគ្មានសកម្មភាពប្រកបអាជីវកម្ម និងការដ្ឋានសំណង់សរុបចំនួន១៦៦ ការដ្ឋានបានសង់រួច មិនមានបញ្ជាក់ពីសកម្មភាពអាជីវកម្ម។
របាយការណ៍ដដែល បានឲ្យដឹងទៀតថា សំណង់អគារខ្ពស់ៗ នៅក្រុងព្រះសីហនុគិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ត្រឹមខែមករា សំណង់អគារខ្ពស់ៗនៅខេត្តព្រះសីហនុ មានកម្ពស់ពី៥ជាន់ ដល់៥៣ជាន់ ដែលបានផ្តល់លិខិតអនុញ្ញាតសាងសង់ មានចំនួន៥៧៨គម្រោង។
អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោកឃាង ភារម្យបានមានប្រសាសន៍ឲ្យដឹងថា សកម្មភាពវិនិយោគ និងសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុ នឹងមានភាពល្អប្រសើរឡើងវិញ នៅពេលពិភពលោកអាចគ្រប់គ្រងជំងឺកូវីដ១៩បាន ពិសេសវ៉ាក់សាំងត្រូវបានចែកចាយ និងចាក់ជូនប្រជាជន ដែលអាចអនុញ្ញាត្តឲ្យពួកគេធ្វើដំណើរបាន។
លោកបន្តថា “ខេត្តព្រះសីហនុមានសក្តានុពលច្រើនណាស់ សម្រាប់ការវិនិយោគ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោហ៊ុន សែនប្រមុខនៃរដ្ឋាភិបាលកម្ពុជា” ៕ ប្រភព៖ https://www.propertyarea.asia/