បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយវិមានក្រមឡាំងនៅថ្ងៃសៅរ៍នេះ បាននិយាយថាប្រធានាធិបតីរុស្សីលោក Putin បានធ្វើការចុះហត្ថលេខាជាផ្លុវការហើយទៅលើកុងត្រាមួយ ដែលអាចបន្តកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយនឹងសហរដ្ឋអាមេរិក។
ការបន្តកុងត្រានេះត្រូវបានធ្វើឡើង នៅក្នុងពេលដែលសុពលភាពរបស់វានឹងត្រូវ ផុតកំណត់ត្រឹមតែមួយសប្តាហ៍ទៀតប៉ុណ្ណោះហើយវានឹងត្រូវ បន្តរហូតទៅដល់៥ឆ្នាំទៀតពោលត្រឹមថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២៦។
វាត្រូវបានគេមើលឃើញថា គឺជាកិច្ចព្រមព្រៀងដ៏ធំមួយក្នុងចំណោមកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធផ្សេងទៀតរវាងអាមេរិកនិងរុស្សី ទោះបីជាកន្លងមករដ្ឋបាលលោក Trump បានដកខ្លួនចេញពីកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរកម្រិតមធ្យម INF ម្តងហើយកាលពីឆ្នាំ២០១៩។
ប្រភពដដែលបានសរសេរទៀតថា លោក Putin និងប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden បានសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដោយបង្ហាញនូវការពេញចិត្តចំពោះការផ្លាស់ប្តូរបែប ការទូតមួយនេះរវាងប្រទេសទាំងពីរនិងជាពិសេសស្តីអំពីការបន្ត សន្ធិសញ្ញាដ៏សំខាន់មួយនេះ។
កិច្ចព្រមព្រៀងដែលទើបត្រូវ បានបន្តមួយនេះត្រូវបានគេដឹងថាធបានកើតឡើងដំបូងតាំង តែពី១០ឆ្នាំមុនមកម្ល៉េះក្រោមការចុះហត្ថលេខារវាងមេដឹកនាំអាមេរិក Obama និងលោកប្រធានាធិបតីរុស្សី Dmitry Medvedev កាលពីឆ្នាំ២០១០និងចូលជាធរមាន កាលពីថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១១៕
ប្រែសម្រួល៖ស៊ុនលី