កណ្ដាល៖ កាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ការប្រកួតកីឡាទូកប្រពៃណី ខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីងជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ “ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០” ត្រូវបានបញ្ចប់ដោយជោគជ័យ ដោយមានអញ្ជើញចូលរួមលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅខេត្តកណ្ដាល ទីក្រុងតាខ្មៅ។
លោក ប៉ាន សូរស័ក្តិ បានមានប្រសាសន៍ថា បានសម្ដែងនូវការកោតសរសើរ ថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។
លោករដ្ឋមន្រ្តី បានជំរុញឲ្យកីឡាករខិតខំ ពង្រឹងសមត្ថភាពឆ្ពោះទៅព្រឹត្តិការណ៍ SEA GAMES ២០២៣ និងបានផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឲ្យ វិស័យកីឡាទូកកានូ-កាយ៉ាក់ ទូករ៉ូអ៊ីង និងទូកប្រពៃណីខ្នាតអន្តរជាតិ ឬហៅថា “ទូកនាគ” កាន់តែមានការរីកចម្រើន និងទទួលបានជោគជ័យបន្ថែមទៀត។
លោកអនុប្រធានបន្តថា ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តា សមាគមកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីងទូទាំងប្រទេសបង្កើតធនធាន និងសម្ភារហ្វឹកហាត់ ឲ្យបានគ្រប់គ្រាន់ ជាអាទិ៍សមាគមកីឡាទូករាជធានី-ខេត្ត និង ក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួល ក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួម ប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូក ទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងារ របស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង និងរៀបចំការប្រកួតបានគ្រប់កម្រិត។ ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួត ឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ព្រមទំាំងត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងារ របស់សហព័ន្ធឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជនជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនទៀត។
នាឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងជាអនុប្រធានសហព័ន្ធ លោកបណ្ឌិត មាស សារិន អនុប្រធានអចិន្រ្តៃយ៍សហព័ន្ធ លោក ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ និងលោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធ៕ ដោយ៖លី ភីលីព