ព័ត៌មានអន្តរជាតិ

ប្រទេសសមាជិកណាតូ ចង់រក្សាកងកម្លាំង នៅអាហ្វហ្គានីស្ថាន

បរទេស៖ លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន Ashraf Ghani បាននិយាយនៅពេលថ្មីៗនេះថា សមាជិកសម្ពន្ធមិត្តណាតូ មានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការរក្សាទុកកងទ័ព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប៉ុន្តែពួកគេ មិនអាចនៅដោយគ្មានការគាំទ្រដ៏សំខាន់ ពីសហរដ្ឋអាមេរិកបាននោះទេ។

ការថ្លែងបែបនេះ របស់លោកប្រធានាធិបតីអាហ្វហ្គានីស្ថាន គឺត្រូវបានធ្វើឡើង ស្របពេលដែលរដ្ឋបាលថ្មី របស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន ធ្វើការត្រួតពិនិត្យឡើងវិញ នូវដំណើរការសន្តិភាព ដែលអាមេរិកគាំទ្រ និងកិច្ចព្រមព្រៀងខែកុម្ភៈ ឆ្នាំ២០២០ ជាមួយពួកតាលីបង់ ដែលនឹងត្រូវផុតកំណត់ នៅក្នុងខែឧសភា សម្រាប់ការដកចេញទាំងស្រុង នូវកងកម្លាំងសហដ្ឋអាមេរិក។

ដោយលើកឡើង ពីកម្មវិធីអនឡាញឧបត្ថម្ភ ដោយវិទ្យាស្ថាន Aspen Institute នោះ លោក Ashraf Ghani បានមានប្រសាសន៍ថា លោកបាននិយាយជាមួយមេដឹកនាំ របស់ប្រទេសកាណាដា ន័រវេស និងអាល្លឺម៉ង់ ក៏ដូចជាអគ្គលេខាធិការណាតូ លោក Jens Stoltenberg និងថា អង្គការណាតូ មានការចាប់អារម្មណ៍ជាខ្លាំង ក្នុងការបន្តទៀត”។

លោកក៏បានមានប្រសាសន៍ផងដែរថា សហរដ្ឋអាមេរិក ដែលបច្ចុប្បន្នមានកងទ័ព២.៥០០នាក់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអង្គការណាតូ ត្រូវតែប្រកាន់គោលជំហរដ៏រឹងមាំ លើវិធីសាស្ត្រផ្អែកលើលក្ខខណ្ឌ ចំពោះការដកកងទ័ពរបស់ខ្លួន៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top