ភ្នំពេញ៖ វិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) បានសិក្សាស្រាវជ្រាវ លើគម្រោងវិនិយោគរបសក្រុមហ៊ុនចិនធំៗនៅកម្ពុជា ហើយបានរកឃើញថា គម្រោងទាំងនេះ បាននិងកំពុងចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចជាតិ និងសង្គមនៅកម្ពុជា។
យោងតាមលោកបណ្ឌិតកែវ ពិសិដ្ឋប្រធានមជ្ឈមណ្ឌល ការសិក្សាការអភិវឌ្ឍប្រកបដោយចីរភាព នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្នុងកិច្ចសម្ភាសន៍តាមវីដេអូ ជាមួយអ្នកសារព័ត៌មានកាលពីថ្មីៗនេះ បានឱ្យដឹងថា វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានសិក្សាស្រាវជ្រាវ ទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជាធំៗនៅកម្ពុជា មានដូចជា៖ ក្រុមហ៊ុនសាងសង់ផ្លូវ ស្ពាន ធនាគារ ក្រុមហ៊ុនទំនិញរួចពន្ធ វារីអគ្គិសនី ដែលសុទ្ធសឹងជាក្រុមហ៊ុន ដែលនាំមុខក្នុងវិស័យវិនិយោគនៅកម្ពុជា។
របាយការណ៍ស្រាវជ្រាវ ដែលចំណងជើងថា “អភិវឌ្ឍន៍ប្រកបដោយចីរភាព នៃសហគ្រាសចិននៅកម្ពុជា” បានបង្ហាញថា ការវិនិយោគរបស់ក្រុមហ៊ុនចិន បានចូលរួមចំណែកក្នុងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការលើកកម្ពស់ជីវភាព ការលើកស្ទួយសេដ្ឋកិច្ច កិច្ចការពារបរិស្ថាន ការងារសង្គម និងកិច្ចការមនុស្សធម៌ ដែលបានជួយកម្ពុជាកន្លងមកនេះ។
លោកបណ្ឌិតកែវ ពិសិដ្ឋបានឱ្យដឹងបន្តថា បានការសិក្សាស្រាវជ្រាវ របស់វិទ្យាស្ថានចក្ខុវិស័យអាស៊ី បានចាប់ផ្ដើមពីសីហា ដល់ខែតុលា បានសិក្សាទៅលើក្រុមហ៊ុនចិន និងក្រុមហ៊ុនសហការវិនិយោករួមគ្នារវាងចិន និងកម្ពុជាចំនួន៦ រួមមានក្រុមហ៊ុនវារីអគ្គីសនីសេសានក្រោម២ ក្រុមហ៊ុន China duty-free group ក្រុមហ៊ុន China Gezhouba Group Corporation, ធនាគារចិន Bank of China Phnom Penh Branch ក្រុមហ៊ុន China road and bridge corporation និងក្រុមហ៊ុន Yunann construction Investment Holding Group។ ក្នុងនោះក្រុមហ៊ុនវារីអគ្គិសនីសេសានក្រោម២ មាន China Huaneng Group ជាម្ចាស់ភាគហ៊ុនធំ និងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ជាម្ចាស់ភាគហ៊ុនធំទីពីរ។
បើតាមលោកបណ្ឌិតបានឱ្យដឹងទៀតថា ប្រទេសចិន គឺជាប្រទេសមួយ ដែលមានការវិនិយោគច្រើនជាងគេនៅកម្ពុជា បើគិតពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៩ តួលេខទំហំវិនិយោគរបស់ក្រុមហ៊ុន ចិនមានប្រមាណ ១ភាគ៥ នៃចំនួនទឹកប្រាក់វិនិយោគសរុបនៅកម្ពុជា។ បន្ទាប់ពីប្រទេសចិន គីក្រុមហ៊ុនវិនិយោគ ដែលមកពីសាធារណៈរដ្ឋកូរ៉េ អង់គ្លេស ម៉ាឡេ ជប៉ុន និងវៀតណាម៕ ប្រភព៖ https://www.propertyarea.asia/