ភ្នំពេញ ៖ សហព័ន្ធកីឡាវាលកូនបាល់កម្ពុជា បានប្រកាសជូនដំណឹងជាផ្លូវការ ស្តីពីការប្រកួតកីឡាវាលកូនបាល់កម្ពុជា ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានសហព័ន្ធនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាលកូនបាល់កម្ពុជាបានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា នេះជាការប្រកាសជូនដំណឹងជូនដល់ប្រធានសមាគម ក្លិបកីឡាវាលកូនបាល់ នៅតាមក្រសួង ស្ថាប័ន រាជធានី-ខេត្ត ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីរបស់ខ្លួនចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០។
វិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែងមានចំនួន៤រួមមាន វិញ្ញាសាវាយឯកត្តជនបុរស១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជននារី ១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជនអាយុក្រោម១៨ឆ្នាំ ១នាក់ទល់១នាក់ និងវិញ្ញាសាវាយគូ។
ចំពោះសមាគម ក្លិបអាចចុះឈ្មោះចូលរួមប្រកួតនៅតែបន្តរហូតដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការសហព័ន្ធកីឡាវាលកូនបាល់កម្ពុជាក្នុងពហុកីឡដ្ឋានជាតិ ខណៈការប្រជុំចាប់ឆ្នោតចាប់ពូលប្រកួតគ្រោងនឹងធ្វើឡើង នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង១០ព្រឹកនៅទីស្នាក់ការសហព័ន្ធ៕