បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Tayyip Erdogan បានធ្វើការប្រកាសថ្កោលទោសយ៉ាងខ្លាំង ចំពោះចលនានៃក្រុមភេទទី៣ LGBT ដែលជាអ្នកធ្វើឲ្យមានការធ្វើបាតុកម្ម នាពេលចុងក្រោយនេះ។
លោក Erdogan ក្នុងនោះផងដែរ ក៏បានសរសើរចំពោះក្រុមយុវជន ដែលមានទំនោរគាំទ្រ ដល់គណបក្សកាន់អំណាចរបស់ លោកហើយបញ្ជាក់ថា ពួកគេគឺជាភាពអស្ចារ្យ ជាប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ហើយអរគុណ ដែលពួកគេមិនមានជាយុវជនភេទទី៣។
កាលពីថ្ងៃសៅរ៍ និស្សិតចំនួន៤នាក់ ត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងអ៊ីស្តង់ប៊ុល ក្រោយពួកគេ បានគូររួបមួយ ដែលមានអត្ថន័យ និងមើលទៅជាការសារភ្ជាប់គ្នា រវាងក្រុមមនុស្សភេទទី៣ LGBT ជាមួយនឹងរូបភាព តំណាងឲ្យសាសនាមូស្លីម។
គួរឲ្យដឹងដែរថា មនុស្សស្រលាញ់ភេទដូចគ្នា គឺមានភាពស្របច្បាប់នៅក្នុងប្រទេសតួកគី ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រឆាំងពីសំណាក់មន្ត្រីរដ្ឋាភិបាល មានការកើនឡើងខ្លាំងគួរឲ្យកត់សំគាល់៕
ប្រែសម្រួល៖ស៊ុនលី