តូក្យូ ៖ ប្រធានកីឡាប៉ារ៉ាឡាំពិក លោក Andrew Parsons ជឿជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកតូក្យូ ដែលពន្យារពេល ដោយសាររាតត្បាត នឹងបន្តទៅមុខនៅឆ្នាំនេះ ហើយនឹងក្លាយជាវេទិកា ផ្លាស់ប្តូរពិភពលោក ដោយមាន ឬគ្មានអ្នកទស្សនា យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
នៅពេលការឆ្លងមេរោគ COVID-19 បានកើនឡើងទូទាំងពិភពលោក អ្នករៀបចំកម្មវិធីបាននិយាយថា ការប្រកួតប្រហែល ជាត្រូវធ្វើឡើង នៅពីក្រោយទ្វារបិទជិត ឬមានអ្នកគាំទ្រតិចជាងមុន ។ ប៉ុន្តែលោក Parsons ប្រធានគណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិក អន្តរជាតិ បានប្រាប់ឲ្យដឹងថា វាជាតម្លៃដែលត្រូវបង់ ។
លោកបាននិយាយ នៅក្នុងបទសម្ភាសន៍ថា ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក គឺជាវេទិកាមួយ ដើម្បីផ្លាស់ប្តូរពិភពលោក ចំណែកការប្រកួត គឺខ្លាំងនៅខាងក្រៅទីក្រុងម្ចាស់ផ្ទះ និងប្រទេសម្ចាស់ផ្ទះ ។ លោកបានបន្ថែមថា ផលប៉ះពាល់ប៉ារ៉ាឡាំពិក មានមិនត្រឹមតែ ចំពោះមនុស្ស ២លាននាក់ ដែលចូលរួមព្រឹត្តិការណ៍កីឡានេះទេ ។ យើងកំពុងនិយាយអំពីមនុស្ស បួនពាន់លាននាក់ នៅជុំវិញពិភពលោក ដែលកំពុងទស្សនាការ ប្រកួតកីឡាប៉ារ៉ាឡាំពិក ។
ដោយមានពេលតិចជាង ៦ ខែទៀត រហូតដល់តូក្យូឆ្នាំ ២០២០ មានសំណួរកាន់ តែច្រើនឡើងៗថា តើព្រឹត្តិការណ៍នេះ អាចត្រូវបានធ្វើឡើង ដោយសុវត្ថិភាព ដែរឬទេ។ ប៉ុន្តែលោកParsons បន្ថែមថា លោកមានភាពវិជ្ជមានខ្លាំង ចំពោះព្រឹត្តិការណ៍កីឡា កំពុងកើតឡើងនៅឆ្នាំនេះ ហើយបានទទូចថា មិនមានសេណារីយ៉ូណាមួយ ដែលអូឡាំពិកនឹងកើតឡើង ដោយគ្មានប៉ារ៉ាឡាំពិកឡើយ ៕ដោយ៖លី ភីលីព