ចិន ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រទេសចិន បានបាញ់បង្ហោះផ្កាយរណប ដែលជាបច្ចេកវិទ្យាថ្មី សម្រាប់បម្រើដល់ទូរគមនាគមន៍ ទៅកាន់ដងតារាវិថី ។
កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅម៉ោង១១និង៣៦នាទីយប់ (ម៉ោងនៅក្រុងប៉េកាំង) គ្រាប់រ៉ុក្កែតប្រភេទ Long March-3B បានរុញច្រានផ្កាយរណប បច្ចេកវិទ្យាថ្មីមួយគ្រឿង ទៅកាន់ដងតារាវិថី ។ ការបាញ់នេះបានផ្តើមឡើង ពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប ស៊ីចាង នៅខេត្ត ស៊ីឈួន ភាគនីរតី នៃប្រទេសចិន ។
ផ្កាយរណបនឹងបម្រើដល់ វិស័យទូរគមនាគមន៍ វិទ្យុ ទូរទស្សន៍ និងការបញ្ជូនទិន្នន័យ រួមទាំងការធ្វើតេស្តបច្ចេកវិទ្យាផងដែរ ។
នេះជាបេសកកម្ម នៃការបាញ់បង្ហោះដោយប្រើ គ្រាប់រ៉ុក្កែតប្រភេទ Long March លើកទី៣៦០ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា