ភ្នំពេញ ៖ ការប្រកួតកីឡា វាលកូនបាល់កម្ពុជា ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំឡើង ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីលានសហព័ន្ធ នៃពហុកីឡដ្ឋានជាតិ អូឡាំពិក រៀបចំដោយសហព័ន្ធកីឡា វាលកូនបាល់កម្ពុជា ប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើមប្រកួតជាផ្លូវការ ហើយនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១ ។
លោក ជា ពៅ អគ្គលេខាធិការរង សហព័ន្ធកីឡា វាលកូនបាល់កម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនី ចូលរួមចំនួន៤៨នាក់ ក្នុងកីឡាករ៤៤នាក់ និងកីឡាការិនី៤នាក់ មកពី១០ខេត្តក្រុង រួមមានក្លិបខេមរភូមិន្ទ ក្លិបឌីវេនខូ ក្លិបខេត្តបាត់ដំបង ក្លិបខេត្តសៀមរាប ក្លិបអង្គការអរុណរៈ ក្លិបសុខារិទ្ធ ក្លិបខេត្តកែប ក្លិបកណ្តាល ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លិបខេត្តព្រះវិហារ ។
វិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែង មានចំនួន៤រួមមាន វិញ្ញាសាវាយឯកត្តជន បុរស១នាក់ ទល់១នាក់ វិញ្ញាសាវាយឯកត្តជននារី ១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជន អាយុក្រោម១៨ឆ្នាំ ១នាក់ទល់១នាក់ និងវិញ្ញាសាវាយគូ ៕