បរទេស ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រសប្ដាហ៍នេះថា កម្មវិធីអាវុធនុយក្លេអ៊ែ និងមីស៊ីលផ្លោង របស់ប្រទេសកូរ៉េខាងជើង គឺជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាលុបបំបាត់អាវុធ នុយក្លេអ៊ែរបស់ប្រទេសនេះ ។
មន្ត្រីនាំពាក្យក្រសួង ការបរទេសអាមេរិក លោក Ned Price បានថ្លែងប្រាប់ថា កង្វះការចូលពាក់ព័ន្ធ ដោយផ្ទាល់របស់រដ្ឋបាលលោក បៃដិន ជាមួយប្រទេសកូរ៉េខាងជើង មិនគួរមើលឃើញថា ជាការបង្ហាញមួយដែលថា ភាពលំបាកបង្កឡើងដោយកម្មវិធីអាវុធរបស់កូរ៉េខាងជើង មិនមែនជាអាទិភាពនោះទេ ។
លោកបានបន្តថា ប្រទេសកូរ៉េខាងជើង បានបន្តធ្វើការអភិវឌ្ឍក្នុងកម្មវិធីនុយក្លេអ៊ែ និងមីស៊ីលរបស់ខ្លួន នៅក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដែលធ្វើឲ្យរឿងនេះក្លាយ ជាអាទិភាពបន្ទាន់មួយ សម្រាប់សហរដ្ឋអាមេរិក និងជារឿងមួយ ដែលទីក្រុងវ៉ាស៊ីតោន ប្តេជ្ញាធ្វើការដោះស្រាយរួមគ្នា ជាមួយសម្ពន្ធមិត្តនិងដៃគូនានា ។
គួរបញ្ជាក់ថា រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បាននិយាយថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យទាំងស្រុង នូវគោលនយោបាយកូរ៉េខាងជើង ក្នុងកិច្ចប្រឹក្សាគ្នាជាមួយសម្ពន្ធមិត្ត ជាពិសេសគឺប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន ៕
ប្រែសម្រួល៖ប៉ាង កុង