បរទេស៖ប្រទេសអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ខ្លួននឹងបិទការត្រួតពិនិត្យ ធ្វើឡើងដោយអង្គភាពឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិ ចាប់ពីសប្ដាហ៍ក្រោយ ប្រសិនបើភាគីផ្សេងទៀត នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ មិនបានបំពេញ តាមកាតព្វកិច្ចរបស់ពួកគេ ហើយនេះជាភាពលំបាកមួយ ចំពោះក្តីសង្ឃឹម ស្តារកិច្ចព្រមព្រៀងនោះឡើងវិញ របស់លោកប្រធានាធិបតី ចូ បៃដិន។
មន្ត្រីនាំពាក្យក្រសួងការបរទេស លោក Saeed Khatibzadeh បានមានប្រសាសន៍ប្រាប់ដូច្នេះថា “ប្រសិនបើភាគីដទៃ មិនបំពេញកាតព្វកិច្ចរបស់ខ្លួន នៅត្រឹមថ្ងៃទី២១ ខែកុម្ភៈទេនោះ រដ្ឋាភិបាលនឹងសម្រេច ផ្អាកការអនុវត្តដោយស្ម័គ្រចិត្ត ចំពោះពិធីការបន្ថែម”។
ដោយនិយាយដៀមដាម ដល់សហរដ្ឋអាមេរិក លោកបានមានប្រសាសន៍បន្តទៀតដូច្នេះថា “វាមិនមានន័យថា បញ្ចប់ការត្រួតពិនិត្យទាំងអស់ ធ្វើឡើងដោយអង្គភាពឃ្លាំមើលនុយក្លេអ៊ែ អង្គការសហប្រជាជាតិនោះទេ ហើយចំណាត់ការទាំងអស់នេះ អាចធ្វើការកែប្រែបាន ប្រសិនបើភាគីផ្សេងទៀត ផ្លាស់ប្តូរផ្លូវដើររបស់ពួកគេ និងគោរពកាតព្វកិច្ចរបស់ខ្លួន”។
គួរបញ្ជាក់ថា រដ្ឋបាលលោក បៃដិន មានបំណងឲ្យសហរដ្ឋអាមេរិក វិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែ ដែលអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ បានបោះបង់ចោល នៅក្នុងឆ្នាំ២០១៨។ ក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសអ៊ីរ៉ង់ បានព្រមព្រៀងបញ្ឈប់កម្មវិធី ចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ដើម្បីជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម៕ ប្រែសម្រួល៖ប៉ាង កុង