កាលីហ្វ័រញ៉ា ៖តាមការសិក្សាថ្មី បានព្រមានលើឥទ្ធិពល អាក្រក់មួយថា ក្មេងជំទង់ដែលមានមិត្តភក្តិរៀន នៅសាលាផ្សេងទំនងជានាំពួកគេ ឲ្យក្លាយជាអ្នកផឹកស្រា កុហកឪពុកម្តាយ និងភ្លេចការសិក្សាតែម្តង អាចជំរុញឲ្យមានភាពល្ងង់ខ្លៅនេះ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការសិក្សាស្រាវជ្រាវថ្មីបានបង្ហាញថា ក្មេងជំទង់ដែលមានមិត្តភក្តិ នៅក្រៅសាលាទំនងជាផឹកស្រា ហើយកុហកឪពុកម្តាយជាងក្រុមក្មេង ជំទង់មានមិត្តភាពសំខាន់ នៅសាលារបស់ពួកគេ។ អ្នកស្រាវជ្រាវបានរកឃើញថា ការស្រាវជ្រាវបានបន្ថែមនូវ ភ័ស្តុតាងបង្ហាញថា មិត្ដភាពក្រៅសាលាអាចជំរុញ ឲ្យមានភាពល្ងង់ខ្លៅ និងការប្រើប្រាស់គ្រឿងស្រវឹង ច្រើនជាងមិត្តភក្តិនៅសាលារៀន ។
ក្រុមស្រាវជ្រាវសង្ឃឹមថា ការស្រាវជ្រាវរបស់ពួកគេអាចជួយជូនដំណឹង ដល់កិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់ការផឹកស្រា មិនគ្រប់អាយុ។ ការសិក្សាក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ា និងIrvine បានស្ទាបស្ទង់លើក្មេង ជំទង់ចំនួន ៨១,៦៧៤ នាក់បានចុះ ឈ្មោះចូលរៀនពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៥ ។
ក្មេងជំទង់ទាំងនោះត្រូវបានគេសួរ អំពីទំនាក់ទំនងមិត្តភាពនៅសាលារៀន និងក្រៅសាលាក៏ដូចជារយៈពេល ដែលពួកគេផឹកស្រាជៀសចូលការសាលា និងកុហកឪពុកម្តាយរបស់ពួកគេ។ ក្រុមអ្នកស្រាវជ្រាវក៏បានពិនិត្យកត្តាអាចជះឥទ្ធិពលដល់មិត្តភាព ដូចជាការចូលរួមក្នុងក្លិប សាលារៀន ស្ថានភាពសេដ្ឋកិច្ចសង្គម និងចម្ងាយពីសាលារៀនទៅផ្ទះ។
លទ្ធផលបានបង្ហាញថា មិត្ដភាពក្រៅសាលា មានទំនាក់ទំនង យ៉ាងខ្លាំងជាមួយនឹងអាកប្បកិរិយា និងការសេពគ្រឿងស្រវឹង ជាងមិត្តភាព នៅសាលារៀន ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះ ទៅទៀត អ្នកចូលរួមជាមួយមិត្ដភក្ដិក្រៅសាលា នៅតែមានទំនោរចង់ភ្ជាប់ពាក្យ ជាមួយសាលារបស់ពួកគេដូច ជាដោយចូលរួមក្នុងក្លិប និងមានទំនោរដើរតួសំខាន់ នៅក្នុងក្រុមមិត្តភក្តិ ៕ដោយ៖លី ភីលីព