កីឡា

លោក ឃឹម ប៊ុនសុង ៖ ការឧបត្ថម្ភសម្ភារៈកីឡា របស់ក្រុមហ៊ុនឯកជន រួមចំណែកក្នុងការអភិវឌ្ឍន៍ លើកស្ទួយវិស័យកីឡាជាតិ និងកីឡាកងយោធពលខេមរភូមិន្ទ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ បានទទួលសម្ភារៈ សម្រាប់ហ្វឹកហាត់កីឡា ជាច្រើនមុខពីក្រុមហ៊ុន ORIENT NOBLE Group នៅមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ (ស្តាតចាស់) ដោយមានការអញ្ជើញ ចូលរួមពិធីប្រគល់ និង ទទួលពីសំណាក់ លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ។

លោកសេនីយ៍ឯកឧត្តម តែម ម៉ឺន អនុប្រធានក្រុមប្រឹក្សាកីឡា កងយោធពលខេមរភូមិន្ទ និងជាប្រធានមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទនោះថា មជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ដែលជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំយុវជន និងកីឡា គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា គណៈកម្មាធិការ រៀបចំការប្រកួត SEA GAMES 2023 និងបណ្តាសហព័ន្ធកីឡាជាតិ បានចាត់បញ្ជូនមន្ត្រីគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ទៅចូលរួមប្រកួតកីឡាកម្រិតជាតិ និងចូលរួមត្រៀម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា ។

លោកបានបន្តថា ការប្រកួតទាំងក្នុង និងក្រៅប្រទេសលទ្ធផល សរុបមេដាយទទួលបានពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ដណ្តើមបានមេដាយ សរុប១៦៥៤គ្រឿង រួមមានមេដាយមាស៥៧៦គ្រឿង មេដាយប្រាក់៥៩៧គ្រឿង មេដាយសំរិទ្ធ៤៨១គ្រឿង និងខ្សែក្រវាត់៣៧គ្រឿង ។

លោកនាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង បានបញ្ជាក់ឲ្យដឹងថា ក្នុងការប្រកួតកីឡាជើងឯកជាតិឆ្នាំ២០២០ ដែលទើបតែបញ្ចប់នេះ ដោយមិននិយាយពីមេដាយប្រាក់ និង សំរិទ្ធ នោះកីឡា កងយោពលខេមរភូមិន្ទ បានទទួលមេដាយមាស ដោយឈរនៅលំដាប់លេខ១ ចំនួន៨ប្រភេទកីឡា ។ កីឡាករ- កីឡាការិនីចូលរួម ក្នុងព្រឹត្តិការណ៍ SEA GAMES 2023 កីឡាទ្វីបអាស៊ី និង ជើងឯកពីភពលោកក៏មានការចូលរួមពីកីឡាករ-កីឡាការិនី កងយោធពលខេមរភូមិន្ទដែរ ។
សម្ភារៈកីឡាជាច្រើន ប្រភេទនេះ ពិតជាបានចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍លើកស្ទួយ វិស័យកីឡាជាតិ ក៏ដូចជាវិស័យកីឡា កងយោធពលខេមរភូមិន្ទ ឲ្យមានសន្ទុះរីកចម្រើនធំធាត់ ជាលំដាប់ដើម្បីត្រៀម ចូលរួមប្រកួតកីឡាថ្នាក់ជាតិ អន្តរជាតិ និងការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និងប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ។

លោកនាយឧត្តមសេនីយ៍ មានជំនឿចិត្តថា SEA GAMES 2021 លើកទី៣១ នៅប្រទេសវៀតណាមឆ្នាំ២០២១នេះ និង SEA GAMES 2023 លើកទី៣២ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ ក៏នឹងមានកីឡាករ-កីឡាការិនី កងយោធពលខេមរភូមិន្ទ ចូលរួមដណ្តើមមេដាយ ជូនប្រទេសជាតិ ជាក់ជាមិនខាន់ឡើយ៕

Most Popular

To Top