កីឡា

លោក ហែម គីរី ៖ ការប្រកួតហែលទឹក ជើងឯកព្រឹទ្ធាចារ្យ ហែម ថុន ដើម្បីរម្លឹកគុណសក្ការ និងស្នាដៃរបស់លោក និងបំផុសឲ្យអត្តពលិក យុវជនបរទេសចូលរួម

ភ្នំពេញ ៖ លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា ការប្រកួតហែលទឹកជ្រើស រើសជើងឯកយុវជន ព្រឹទ្ធាចារ្យ ហែម ថុន ជាគំនិតផ្តួចផ្តើមរបស់ស៊ុន ចាន់ថុល ទេ សរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក ធ្វើឡើងដើម្បីរម្លឹកគុណសក្ការ និងស្នាដៃលោក និងបំផុសឲ្យកីឡាករ-កីឡាការិនីយុវជនខ្មែរ និងបរទេសចូលរួម ព្រមទំាងអាណាព្យាបាល ពួកគេចូលរួមគាំទ្រកូនៗ នៅពេលប្រកួត ។

លោកបានបន្តថា ការបើកចំហដល់យុវជនបរទេស ចូលរួមនៅឆ្នាំនេះយើង នឹងមានកីឡាករ-កីឡាការិនីចូលរួមច្រើនផង និងមានការប្រកួតខ្លាំងផ្នែកបច្ចេកទេស រវាងកីឡាករតាមក្លិបធំៗ ក្លិបឯកជន និងសាលារៀនអន្តរជាតិ ហើយការធ្វើការបែបនេះមិនមែនជាការ នឹកឃើញឡើយ ដោយសារប្រទេស ជិតខាងយើង ដូចជាប្រទេសអាស៊ាន និងពិភពលោក ព្រោះការប្រកួតយុវជន តាមកម្រិតអាយុ នេះគេអនុញ្ញាតឲ្យយុវជន ប្រទេសដទៃចូលរួមដែរ ។ ការធ្វើដូច្នេះក្នុងគោលបំណង ពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជាឲ្យមានកម្រិតខ្ពស់ នៅពេលមានអត្តពលិក បរទេស និងអ្នកដទៃចូលរួម នឹងមានសកម្មភាពប្រកួតប្រជែងខ្លាំង ដូចជាអត្តពលិកបរទេស មានកម្រិតខ្ពស់អាចទាញ ឲ្យអត្តពលិកយើងមានការប្រឹង ប្រែងកាន់តែខ្លាំងឡើយ ។

លោកអគ្គលេខាធិការបន្ថែមទៀតថា ចំពោះចំណាត់ថ្នាក់កីឡាករ-កីឡាការិនីយើងទទួលបានដដែល ដោយឡែកអត្តពលិកបរទេស មិនទទួលបានចំណាត់ថ្នាក់ទេ ប៉ុន្តែសហព័ន្ធនឹងប្រគល់លិខិត បញ្ជាក់ពីការប្រកួត ហើយការធ្វើបែបនេះដូចជាសហរដ្ឋអាមេរិក ជប៉ុន និងថៃជាពិសេសប្រទេស ដែលវិស័យកីឡាហែលទឹក ខ្លាំងក៏ធ្វើដូចនេះដែរ ដើម្បីទាញកម្រិតកីឡា ហែលទឹក ឲ្យមានកម្រិតថ្នាក់ជាតិ ឲ្យកាន់តែខ្ពស់ស្មើកម្រិតអន្តរជាតិមួយៗនេះ ជាជំហានទី១ ដែលសហព័ន្ធកំពុងកែទម្រង់ការងារ សមត្ថភាពរបស់អត្តពលិកហែលទឹក កម្ពុជា ។ គិតមកដល់ពេលនេះ យើងមានកីឡាករយុវជនបរទេសមួយចំនួន បានចុះឈ្មោះចូលរួមហើយ ដោយឲ្យពួកគាត់ប្រកួត តាមកម្រិតអាយុ សព្វថ្ងៃនេះយើងកំពុងបំផុសតាមក្លិបឯកជន និងសាលារៀន អន្តរជាតិចូលរួម សម្រាប់ការប្រកួតឆ្នាំនេះ ក៏មានក្លិបឯកជន និងសាលារៀន អន្តរជាតិចូលរួមដែរ ។

លោក ហែម គីរីអះអាងថា សកម្មភាពនឹងទទួលបានការគាំទ្រពីមហាជន ជាពិសេសអាណាព្យាបាល យើងចង់ឲ្យអាណាព្យាបាលយល់ឃើញថា ការប្រកួតកីឡាហែលទឹក និងការហាត់ហែលទឹក មានសារសំខាន់អត្តប្រយោជន៍ នាពេលអនាគតសម្រាប់កូនរបស់ពួកគាត់ និងការតាំងចិត្តចូលរួមហ្វឹកហាត់ ជាមួយក្រុមជម្រើសជាតិ។ ការប្រកួតជាផ្លូវការចាប់ផ្ដើមនាថ្ងៃទី១៩ និង២០ ខែកុម្ភៈ ឆ្នាំ២០២១នៅអាងហែកទឹកក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។

ការប្រកួតចែកចេញ ជា៣ប្រភេទ គឺប្រភេទអាយុ សម្រាប់កុមារាចាប់ពីអាយុ១០ដល់១១ឆ្នាំ ប្រភេទទី២ សម្រាប់កុមារា-កុមារី អាយុចាប់ពី១២ទៅ១៣ឆ្នាំ និងប្រភេទទី៣សម្រាប់ វ័យយុវជន-យុវនារី ដែលមានអាយុចាប់ពី១៤ដល់១៦ឆ្នាំ ។ ចំណែកកុមារា-កុមារី អាយុពី១០ដល់១១ឆ្នាំ វិញ្ញាសាប្រកួតមានហែល របៀបសេរីចម្ងាយ៥០ម៉ែត្រ ហែលរបៀបកង្កែបចម្ងាយ ៥០ម៉ែត្រ ហែលរបៀបផ្ងារចមងាយ៥០ម៉ែត្រ និងវិញ្ញាសាហែល របៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ និងវិញ្ញាសាសម្រាប់ប្រភេទ អាយុចាប់ពី១២ទៅ១៣ឆ្នាំ ដែលមានចំនួន៤និងវិញ្ញាសានោះ គឺហែលរបៀបផ្ងារចម្ងាយ៥០ម៉ែត្រ ។

ចំពោះវិញ្ញាសាហែលរបៀបមេអំបៅ ចម្ងាយ៥០ម៉ែត្រ ហែលរបៀបសេរីចម្ងាយ១០០ម៉ែត្រ និង វិញ្ញាសាហែលរបៀបកង្កែប ចម្ងាយ១០០ម៉ែត្រ វិញ្ញាសាសម្រាប់យុវជន-យុវនារី ដែលមានចំនួន៤វិញ្ញាសាដែរ នោះគឺហែលរបៀបមេអំបៅចម្ងាយ៥០ម៉ែត្រ ហែលរបៀបផ្ងារចម្ងាយ១០០ម៉ែត្រ ហែលរបៀបសេរី ចម្ងាយ២០០ម៉ែត្រ និង ហែលរបៀបកង្កែប ចម្ងាយ២០០ម៉ែត្រ ៕ដោយ៖លី ភីលីព

Most Popular

To Top