បាកដាដ ៖ អ៊ីរ៉ាក់ និងអង្គការសន្ធិសញ្ញា អាត្លង់ទិចខាងជើង (ណាតូ) បានបញ្ជាក់ នៅថ្ងៃអង្គារម្សិលមិញនេះថា មានឆន្ទៈពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងអំពើភេរវកម្ម នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ ។
នាយករដ្ឋមន្រ្តីអ៊ីរ៉ាក់លោក Mustafa al-Kadhimi បានទទួលទូរស័ព្ទពីអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg ហើយភាគីទាំងពីរ បានពិភាក្សាគ្នាអំពីមធ្យោបាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេសផ្តល់ការគាំទ្រ ដល់ស្ថាប័នសន្តិសុខ និងយោធាអ៊ីរ៉ាក់ នៅក្នុងវិស័យបណ្តុះបណ្តាល ការប្រឹក្សាយោបល់ និងកិច្ចសហប្រតិបត្តិការ ស៊ើបការណ៍សម្ងាត់ នេះបើតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក អាល់កាឌីមី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃ “ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយណាតូ ដោយមើលឃើញពីកម្លាំងសន្តិសុខអ៊ីរ៉ាក់ បន្តប្រតិបត្តិការយោធា ប្រឆាំងនឹងក្រុមភេរវករ” ។
ការហៅតាមទូរស័ព្ទនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីការបាញ់រ៉ុក្កែតសំដៅ ទៅលើអាកាសយានដ្ឋាន Erbil ដែលមានមូលដ្ឋានយោធាចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក នៅតំបន់ពាក់កណ្តាលស្វ័យភាព របស់ក្រុមឃឺដអ៊ីរ៉ាក់ ដែលបានបណ្តាលឲ្យអ្នកម៉ៅការ ស៊ីវិលម្នាក់ស្លាប់ និង ៩ នាក់ផ្សេងទៀតរងរបួស។
ក្រុមមិនស្គាល់ឈ្មោះមួយ ដែលហៅខ្លួនឯងថាសារ៉ាយ៉ា អាលីយ៉ាអាល់ដាម បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារលើមូលដ្ឋាន នៅអាកាសយានដ្ឋានខាងលើនេះដោយនិយាយថា ខ្លួនបានតម្រង់គោលដៅទៅលើការ កាន់កាប់របស់អាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ប៉ុន្តែការអះអាងរបស់ក្រុមនេះ មិនត្រូវបានបញ្ជាក់ភ្លាមៗនោះទេ។
នៅល្ងាចថ្ងៃអង្គារម្សិលមិញ ការិយាល័យសារព័ត៌មាន របស់លោកអាល់កាឌីមី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែង ការណ៍ដាច់ដោយឡែកមួយថា“ អំពើភេរវកម្មនៅក្នុងតំបន់ឃឺដ កើតឡើងនៅពេលដែលរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីធ្វើឱ្យស្ថានការណ៍នៅទីនោះស្ងប់ និងរក្សាអ៊ីរ៉ាក់ឱ្យឆ្ងាយពីជម្លោះ”៕
ដោយ ឈូក បូរ៉ា