ព័ត៌មានអន្តរជាតិ

Facebook ប្លុកគណនី របស់ពលរដ្ឋអូស្ត្រាលី មិនឲ្យចែកចាយ ព័ត៌មាននៅលើវេទិកា

កង់បេរ៉ា ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ថា ប្រព័ន្ធផ្សព្វផ្សាយសង្គម យក្សហ្វេសប៊ុក (Facebook) បានប្លុកប្រជាជនអូស្រ្តាលី មិនឲ្យធ្វើការចែករំលែក ឬចូលមើលព័ត៌មាននៅលើវេទិកា ។

គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ គណនីហ្វេសប៊ុករបស់អ្នកបោះពុម្ពផ្សាយ អូស្ត្រាលីរាប់ចាប់ពីសាជីវកម្មផ្សាយព័ត៌មាន អូស្រ្តាលី ហៅកាត់ថា (ABC) រហូតដល់ការិយាល័យឧតុនិយម (BoM) និងអាជ្ញាធរសុខាភិបាលនៅក្នុងតំបន់មួយចំនួនត្រូវបាន គេលុបចោលទាំងអស់ ។

ប្រជាជនអូស្រ្តាលី ត្រូវបានរារាំងមិនឱ្យចែករំលែកព័ត៌មាន ពីប្រភពក្នុងស្រុក ឬចូលមើលព័ត៌មានពីជុំវិញពិភពលោក នៅលើវេទិកាបានឡើយ ។

នៅក្នុងសេចក្ដីថ្លែងការណ៍ក្រុមហ៊ុនយក្ស ដែលជាប្រព័ន្ធផ្សព្វផ្សាយ សង្គមមួយនេះបាននិយាយថា ខ្លួនបានធ្វើសកម្មភាពនេះ“ ដោយមានអំណត់បំផុត” ដើម្បីឆ្លើយតបទៅនឹងច្បាប់ចរចា របស់ប្រព័ន្ធផ្សព្វផ្សាយ ដែលស្នើដោយរដ្ឋាភិបាលសហព័ន្ធដែលនឹងបង្ខំឲ្យក្រុមហ៊ុនបច្ចេកវិទ្យា ដូចជា Google និង Facebook បង់ថ្លៃសេវាព័ត៌មានអូស្ត្រាលីសម្រាប់មាតិការបស់ពួកគេ ។

លោក Will Easton នាយកគ្រប់គ្រង Facebook ប្រចាំនៅអូស្រ្តាលី និងនូវែល សេឡង់ បានលើកឡើងថា“ សេចក្តីស្នើច្បាប់នេះមានការភាន់ច្រឡំ ជាមូលដ្ឋានទាក់ទងនឹងទំនាក់ទំនង រវាងវេទិការបស់យើង និងអ្នកបោះពុម្ពផ្សាយដែលប្រើវាដើម្បីចែករំលែក មាតិកាព័ត៌មាន” ។

លោកបានសង្កត់ធ្ងន់ថា “ វាបានធ្វើឱ្យយើងប្រឈមមុខ នឹងជម្រើសដ៏ច្បាស់លាស់ ហើយការព្យាយាមអនុវត្តតាមច្បាប់ ដែលមិនអើពើនឹងភាពស្មោះត្រង់នៃទំនាក់ទំនងនេះ ឬបញ្ឈប់ការអនុញ្ញាត ឱ្យមានមាតិកាព័ត៌មាន អំពីសេវាកម្មរបស់យើង នៅក្នុងប្រទេសអូស្ត្រាលីផងដែរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top