ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល កំពុងអភិវឌ្ឍ ខែលមីស៊ីលផ្លោង Arrow-4 ជាមួយសហរដ្ឋអាមេរិក

បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ខ្លួនកំពុងតែអភិវឌ្ឍ ខែលមីស៊ីលផ្លោងថ្មីមួយ ឈ្មោះ Arrow-4 ជាមួយសហរដ្ឋអាមេរិក ហើយនោះគឺជាស្រទាបមួយផ្សេងទៀត ក្នុងប្រព័ន្ធការពារ ដែលបានកសាងឡើង ជាមួយការសម្លឹងគិតដល់អ៊ីរ៉ង់ ។

គួរបញ្ជាក់ថា ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow-2 និង Arrow-3 របស់អ៊ីស្រាអែល បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដែលជាផ្នែកនៃប្រព័ន្ធពហុស្រទាប់ ដើម្បីកម្ទេចមីស៊ីលហោះចូលមក នៅក្នុងស្រទាប់បរិយាកាសផែនដី និងក្នុងលំហ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល លោក Benny Gantz បានមានប្រសាសន៍ថា “ការអភិវឌ្ឍ Arrow-4 រួមគ្នាជាមួយដៃគូអាមេរិករបស់យើង នឹងបណ្ដាលឲ្យមានការបោះជំហានឆ្ពោះទៅមុខ ផ្នែកបច្ចេកវិទ្យានិងប្រតិបត្តិការ ដោយធ្វើឲ្យយើងត្រៀម សម្រាប់សមរភូមិអនាគត និងការគម្រាមកំហែងកំពុងមាន នៅក្នុងតំបន់មជ្ឈិមបូព៌ា និងទីផ្សេងទៀត” ។

ថ្នាក់ដឹកនាំអ៊ីស្រាអែល ធ្លាប់បានពិពណ៌នាកម្មវិធី មីស៊ីលផ្លោងអ៊ីរ៉ង់ ថាជាការគម្រាមកំហែង ចំពោះប្រទេសអ៊ីស្រាអែល និងពិភពលោក។ អ៊ីរ៉ង់និយាយថា ការអភិវឌ្ឍមីស៊ីលរបស់ខ្លួន គឺជាកិច្ចការពារ និងមានគោលដៅទប់ស្កាត់ការ វាយប្រហារប៉ុណ្ណោះ ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top