ព័ត៌មានអន្តរជាតិ

អាមេរិកចោទប្រកាន់ពួក Hacker កូរ៉េខាងជើងពីបទលួច និងជម្រិតយកប្រាក់ជាង ១,៣ កោដិដុល្លារ

អាមេរិក ៖ សហរដ្ឋអាមេរិកបានចោទប្រកាន់បុរសកូរ៉េខាងជើង ៣ នាក់ពីបទលួច និងជម្រិត យកប្រាក់ជាង ១,៣ កោដិដុល្លារ (៩៤០ លានដុល្លារផោន) ពីស្ថាប័នហិរញ្ញវត្ថុ និងការដោះដូររូបិយប័ណ្ណគ្រីប ពាសពេញពិភពលោកយោង តាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ ។

លោកJohn Demers អគ្គព្រះរាជអាជ្ញារងជំនួយការ របស់សហរដ្ឋអាមេរិកបានមានប្រសាសន៍ថា ប្រតិបត្តិការរបស់កូរ៉េខាងជើង ដោយប្រើក្តារចុចជាជាងកាំភ្លើងលួចកាបូបឌីជីថល Cryptocurrency ជំនួសឲ្យបាវសាច់ប្រាក់ គឺជាចោរប្លន់រដ្ឋឈានមុខ គេនៅសតវត្សរ៍ទី២១របស់ពិភពលោក ។

លោកបានបន្តថា និយាយឲ្យចំ ទៅរបបនេះបានក្លាយជាឧក្រិដ្ឋជន ដែលមានទង់ជាតិដោយប្រើធនធានរដ្ឋរបស់ខ្លួន ដើម្បីលួចលុយរាប់រយលានដុល្លារ ខណៈការបង្ហាញពីការចោទ ប្រកាន់របស់សហព័ន្ធ ដែលបានបោះត្រាពីមុន ។ ការចោទប្រកាន់នេះធ្វើឡើង បន្ទាប់ពីរបាយ ការណ៍សម្ងាត់របស់ UN ផ្សព្វផ្សាយក្នុងចំណោម សមាជិកក្រុមប្រឹក្សាសន្តិសុខ ត្រូវបានគេជឿថា បានអះអាងថា កូរ៉េខាងជើងបាន បន្តរក្សា និងអភិវឌ្ឍកម្មវិធីមីស៊ីល នុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់ខ្លួន តាមរយៈការផ្តល់មូលនិធិ ដែលមានសុវត្ថិភាពជាមួយក្រុមអ៊ីនធើណេត ។

បុរសទាំង ៣ នាក់រួមមានឈ្មោះ លោក Jon Chang Hyok អាយុ ៣១ ឆ្នាំ លោក Kim Il អាយុ ២៧ ឆ្នាំ និងលោក Park Jin Hyok អាយុ ៣៦ ឆ្នាំត្រូវបានគេចោទប្រកាន់ ពីបទធ្វើការឲ្យភ្នាក់ងារ ស៊ើបការណ៍យោធា របស់កូរ៉េខាងជើងជាពិសេសការិយាល័យ ស៊ើបអង្កេតទូទៅរបស់ខ្លួន (RGB) ។ កន្លងមកលោក Park ត្រូវបានចោទប្រកាន់នៅឆ្នាំ ២០១៨ ពីបទពាក់ព័ន្ធនឹង ការលួចចូលក្នុងនាមកូរ៉េខាងជើង ប៉ុន្តែឈ្មោះបុរស២នាក់ផ្សេងទៀត ត្រូវបានផ្សព្វផ្សាយជាសាធារណៈជាលើកដំបូង ៕ ដោយ៖លី ភីលីព

Most Popular

To Top