បរទេស ៖ រដ្ឋមន្ត្រីការពារជាតិ សហរដ្ឋអាមេរិក លោក Lloyd Austin បានធ្វើកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយព្រះរាជ្ជទាយាទអារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman ក្រោយពេលប៉ុន្មានថ្ងៃ បន្ទាប់ពីសេតវិមាននិយាយថា ខ្លួននឹងចរចាជាមួយស្តេច មិនមែនរាជ្ជទាយាទរបស់ទ្រង់នោះទេ ហើយមន្ត្រីអាមេរិក នឹងជួបសមភាគីរបស់ពួកគេ នៅអារ៉ាប៊ីសាអូឌីត ។
ទីភ្នាក់ងារសារព័ត៌មាន SPA បានរាយការណ៍ថា ព្រះរាជ្ជទាយាទ ព្រះអង្គម្ចាស់ Mohammed ដែលក៏ជារដ្ឋមន្ត្រីការពារជាតិអារ៉ាប៊ីសាអូឌីតផងនោះ បានធ្វើការពិនិត្យឡើងវិញនូវចំណងមិត្តភាពទ្វេភាគី ជាមួយលោក Lloyd Austin ជាពិសេសក្នុងសហប្រតិបត្តិការការពារជាតិ។
លោក Lloyd Austin បានធ្វើការបញ្ជាក់ជាថ្មី នូវសារៈសំខាន់នៃភាពជាដៃគូ ការពារជាតិយុទ្ធសាស្ត្រ រវាងប្រទេសទាំងពីរ និងបាននិយាយថា សហរដ្ឋអាមេរិកប្តេជ្ញាជួយទីក្រុង រីយ៉ាដក្នុងកិច្ចការពារខ្លួនឯង ដោយថ្កោលទោសចំពោះការវាយប្រហារធ្វើឡើងដោយក្រុមឧទ្ទាមហូធី នៅយេម៉ែន ចូលទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ។
តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការពារជាតិរូបនេះ បានមានប្រសាសន៍ថា “យើងបានពិភាក្សាគ្នាអំពីការបន្តការប្តេជ្ញា ចំពោះភាពជាដៃគូសន្តិសុខអាមេរិកនិងអារ៉ាប៊ីសាអូឌីត ហើយខ្ញុំកំពុងតែទន្ទឹងរង់ចាំធ្វើការងាររួមគ្នា ដើម្បីសម្រេចបានសន្តិសុខនិងស្ថិរភាពក្នុងតំបន់”៕
ប្រែសម្រួល៖ប៉ាង កុង