ភ្នំពេញ ៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១បិទការប្រកួតកីឡាសិស្សបឋមសិក្សាជ្រើសរើសជើងឯក ខេត្តកណ្តាលប្រចាំឆ្នាំ ២០២០-២០២១តាមវិញ្ញាសានីមួយៗ រយៈពេល៧ថ្ងៃដែលចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១នៅតាមទីលានរបស់ខេត្តដែលរៀបចំការប្រកួត ការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលដើម្បីចម្រាញ់រកកីឡាករ-កីឡាការិនីវ័យក្មេងចូលរួមការប្រកួតទូទំាំងប្រទេស។
លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា យើងគ្រោងបិទការប្រកួតកីឡាសិស្សសិស្សបឋមសិក្សាជ្រើសរើសជើងឯកខេត្តកណ្តាល ប្រចាំឆ្នាំ ២០២០-២០២១នាល្ងាចថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២១ដោយមានការអញ្ជើញចូលរួមពីសំណាក់អភិបាលខេត្ត ដោយសារព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទើបផ្លាស់ប្តូរវិញដោយប្រគល់មេដាយ និងជយលាភីតាមវិញ្ញាសានៅទីលានប្រកួតនីមួយៗ។
លោកបានបន្តថា សម្រាប់ព្រឹកថ្ងៃនេះយើងប្រគល់មេដាយ និងជយលាភីទៅលើ៣វិញ្ញាសារួមមានអត្តពលកម្ម បាល់ទះកុមារា និងកុមារី និងបាល់ទាត់កុមារី។ ចំណែកបាល់ទាត់កុមារីម្ចាស់មេដាយមសបានទៅលើក្រុមបាល់ទាត់កុមារីក្រុងតាខ្មៅ និងមេដាយប្រាក់បានទៅលើក្រុមបាល់ទាត់កុមារីស្រុកកណ្តាលស្ទឹង រីឯវិញ្ញាសាបាល់ទះកុមារា៖មេដាយមាសបានលើក្រុមបាល់ទះកុមារាស្រុកកណ្តាលស្ទឹង មេដាយប្រាក់បានលើក្រុមបាល់ទះកុមារាអង្គស្នូល និងមេដាយសំរិទ្ធបានលើក្រុមបាល់ទះកុមារាស្រុកល្វាឯម ចំពោះវិញ្ញាសាបាល់ទះកុមារី៖មេដាយមាសបានលើក្រុមបាល់ទះកុមារីស្រុកកណ្តាលស្ទឹង មេដាយប្រាក់បានលើក្រុមបាល់ទះកុមារាអង្គស្នូល និងមេដាយសំរិទ្ធបានលើក្រុមបាល់ទះកុមារាស្រុកតាខ្មៅ។
ដោយឡែកវិញ្ញាសាអត្តពលកម្មវិញ៖ មេដាយមាសបានលើក្រុមស្រុកខ្សាច់កណ្តាល មេដាយប្រាក់បានលើក្រុមស្រុកស្អាង និងមេដាយសំរិទ្ធបានលើក្រុមស្រុកកណ្តាលស្ទឹង ហើយវិញ្ញាសារត់បណ្តាក់៤ មេដាយមាសបានលើក្រុមបាល់ទះកុមារីក្រុមស្រុកអង្គស្នូល មេដាយប្រាក់បានលើក្រុមស្រុកពញាឮ និងមេដាយសំរិទ្ធបានលើក្រុមស្រុកកណ្តាលស្ទឹង។
បញ្ជាប់៖ការប្រកួតធ្វើឡើងជ្រើសរើសកីឡាករ-កីឡាការិនីនៃប្រភេទកីឡាទាំង៤នេះសម្រាប់ត្រៀមចូលរួមការប្រកួតកីឡាសិស្សសិស្សបឋមសិក្សា ជ្រើសរើសជើងឯកទូទំាងប្រទេសលើ៨ប្រភេទនឹងប្រព្រឹត្តនាថ្ងៃទី២៥ ខែមីនារហូតដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១នាពេលខាងមុខនេះនៅភ្នំពេញ។
បានបន្តថា ព្រឹត្តិការណ៍នេះចាប់ ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ ២០២១ យើងដាក់ឲ្យប្រកួតនូវកីឡាចំនួន៤ប្រភេទ គឺបាល់ទាត់ បាល់ទះ បាល់បោះ និងអត្តពលកម្ម ចំណែកកីឡា៤ប្រភេទទៀតយើងកំពុងហ្វឹកហាត់ពង្រឹងសមត្ថភាពត្រៀមចូលរួមដូចជាកីឡាវាយសី វាយកូនឃ្លីលើតុ តេក្វាន់ដូ WT និងតេក្វាន់ដូ ITF។ ដោយមានក្រុមកីឡាចំនួន១១ស្រុករួមមាន៖ស្រុកតាខ្មៅ ស្រុកស្អាង ស្រុកកោះធំ ស្រុកកណ្តាលស្ទឹង ស្រុកអង្គស្នូល ស្រុកពញ្ញាឮ ស្រុកមុខកំពូល ស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម ស្រុកកៀនស្វាយ និង ស្រុកលើដែក៕
ដោយ៖លី ភីលីព