វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកJake Sullivan បានឲ្យដឹងថា រដ្ឋបាលសហរដ្ឋអាមេរិកកំពុងរៀបចំ “សកម្មភាពបន្ថែម” នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះការបង្ក្រាបដោយហិង្សា និងរដ្ឋប្រហារយោធា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយលោក Sullivan បានឲ្យដឹងថា“ យើងនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និងដៃគូនានានៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក និងនៅជុំវិញពិភពលោកដើម្បីទទួលខុសត្រូវ ចំពោះអំពើហិង្សាលើបាតុកម្មនៅមីយ៉ាន់ម៉ា” ។
លោកបានបន្ថែមថា “យើងកំពុងរៀបចំសកម្មភាពបន្ថែមទៀត ដើម្បីកំណត់ការចំណាយបន្ថែមលើអ្នកដែលទទួលខុសត្រូវ ចំពោះការផ្ទុះអំពើហិង្សាចុងក្រោយនេះ និងរដ្ឋប្រហារនាពេលថ្មីៗនេះ យើងនឹងត្រូវចែករំលែកបន្ថែមទៀតនៅថ្ងៃខាងមុខ” ។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្មជាច្រើនលើករួចមកហើយទៅលើមេដឹកនាំយោធាមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានកាន់កាប់អំណាច ក្រោយធ្វើរដ្ឋប្រហារទម្លាក់ថ្នាក់ដឹកនាំកាលពីថ្ងៃទី០១ ខែកុម្ភៈ។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken កាលពីថ្ងៃអាទិត្យក៏បានថ្កោលទោស ចំពោះអ្វីដែលលោកហៅថា អំពើហឹង្សាស្អប់ខ្ពើម ដោយកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករ។
លោក Blinken បានឲ្យដឹងនៅលើបណ្តាញសង្គម Twitter ថា “យើងឈរយ៉ាងរឹងមាំជាមួយប្រជាជនក្លាហានរបស់ភូមា និងលើកទឹកចិត្តប្រទេសទាំងអស់ឱ្យនិយាយដោយសំឡេងតែមួយ ដើម្បីគាំទ្រឆន្ទៈរបស់ពួកគេ”៕ដោយ ឈូក បូរ៉ា